ភ្នំពេញ៖ យុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ២០២៥ ធ្វើឡើងក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្រ្តី និងក្មេងស្រី» ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមគេហទំព័រក្រសួងកិច្ចការនារី បានឱ្យដឹងថា ថ្ងៃទី២៥ ខែវិច្ឆិកា គឺជាថ្ងៃនៃការប្រកាសបើកយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកបានចូលរួមធ្វើយុទ្ធនាការរយៈពេល១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។ ការផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី នូវយុទ្ធនាការ១៦ថ្ងៃនេះឡើង ជាផ្នែកមួយដ៏សំខាន់ នៃការបង្ហាញពីឆន្ទៈក្នុងការយកចិត្តទុកដាក់ លើមនុស្សគ្រប់រូបជាពិសេស ក្រុមដែលជនងាយរងគ្រោះ ដើម្បីធានាថាពួកគេមានសន្តិសុខ សុវត្ថិភាព ដោយមិនមានការទុកឱ្យក្រុមណាមួយនៅឯកោ ឬត្រូវបានគេផាត់ចេញឡើយ។
យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាឌីជីថលលើស្រ្តី និងក្មេងស្រី» ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើន និងលើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងសាខាសាសនា សិល្បៈ វិស័យឯកជន។ ជាពិសេស លើកកម្ពស់ឥរិយាបថ វិជ្ជមានរបស់សាធារណៈជន និងអ្នកផ្ដល់សេវាចំពោះជនរងគ្រោះ និងជនងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលើកទឹកចិត្តយុវជន អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមបញ្ចប់ អំពើហិង្សាលើស្រ្តី និងក្មេងស្រី៕