ភ្នំពេញ៖ និស្សិតឆ្នើមចំនួន១០ក្រុម ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រនៃ«កម្មវិធីយុវជន E-Gen ២០២៥» ក្នុងចំណោមនិស្សិតសរុបចំនួន១៨ក្រុម។ កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ ដើម្បីគាំទ្រដល់អ្នកបង្កើតថ្មីជំនាន់ក្រោយ។
យោងតាមគេហទំព័រនៃ អគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ បានឱ្យដឹងថា ក្រុមឆ្នើមទាំង១០បានបង្ហាញសមត្ថភាពពេញលេញ និងលេចធ្លោនៅក្នុងវគ្គបទបង្ហាញដំបូង ដោយបានជម្នះពីការប្រកួតប្រជែងយ៉ាងខ្លាំងក្លាក្នុងចំណោមក្រុមទាំង១៨ ដែលក្រុមនីមួយៗមានសមាជិក ៥ នាក់ និងសុទ្ធជានិស្សិតមកពីសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។ យុវជនទាំង១០ក្រុមដែលត្រូវបានជ្រើសរើសទៅកាន់វគ្គបន្តទៀត តម្រូវចូលរួមក្នុងសិក្ខាសាលាវគ្គផ្តាត់ព្រ័ត្រដែលមានរយៈពេល៣ថ្ងៃពេញ នឹងផ្តោតសំខាន់លើការជំរុញ និងអភិវឌ្ឍគម្រោងប្រកបដោយភាពច្នៃប្រឌិតទៅតាមតម្រូវការជាក់ស្តែងនៅក្នុងសហគមន៍ ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
បើតាមអគ្គនាយកដ្ឋានយុវជន បានឱ្យដឹងថា និស្សិតទាំង១០ដែលនឹងឆ្លងកាត់ទៅវគ្គបន្តទៀតមកពីសាលាផ្សេងៗគ្នារួមមាន ក្រុម Thung Thung - សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, IFARM - សាកលវិទ្យាល័យចម្រុះ, Snambaitong - បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា, ស្តាប់ឮ - សាកលវិទ្យាល័យ ខេមតិច និងវិទ្យាសាស្ត្រកម្ពុជា, Smart Bin - វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, ClassiCore - វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, Modern Classroom - សាកលវិទ្យាល័លបញ្ញាសាស្ត្រ, កសិកម្ម 4.0 - សាកលវិទ្យាល័យជាតិគ្រប់គ្រង, កែវភ្នែក - Digital - សាកលវិទ្យាល័យកម្ពុជា, Theareasastr - សកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ។
គួរបញ្ជាក់ថា គម្រោង E-Gen ត្រូវបានរៀបចំដោយ នាយកដ្ឋានអភិវឌ្ឍយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រដល់អ្នកបង្កើតថ្មីជំនាន់ក្រោយ និងមានការចូលរួមពីតាមបណ្តាសាកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្រុមគ្រូឧទ្ទេសជំនាញ គណៈកម្មការវាយតម្លៃមកពីស្ថាប័នរដ្ឋ និងឯកជន និងក្រុមយុវជនស័គ្មចិត្ត៕