ថៃ៖ អាជ្ញាធរថៃបានសម្រេចប្រកាសដាក់ក្រុងហាតយ៉ៃស្ថិតក្នុងខេត្តសុងក្លាជាតំបន់ក្រហម និងគ្រោះថ្នាក់បន្ទាប់ពីជំនន់បានវាយប្រហារមនុស្សជាងនិងបណ្តាលឲ្យមនុស្សជាង ៤៦៥.០០០ ត្រូវបង្ខំចិត្តជម្លៀស និងស្វែងរកទីកន្លែងសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន។ ជំនន់ទឹកភ្លៀងធ្លាក់ៗជាប់គ្នាជាច្រើនថ្ងៃបានបណ្តាលឲ្យទីក្រុងហាតយ៉ៃ និងតំបន់ជាច្រើនសរុបចំនួនប្រមាណ ៣៦,៤៨០ ហិកតាត្រូវបានទឹកជន់លិចយ៉ាងខ្លាំងក្លាមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនៃខេត្តសុងក្លារបស់ប្រទេសថៃ។
យោងតាមកាសែតថៃ THE NATION បានរាយការណ៍ថាភាគខាងត្បូងប្រទេសថៃកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយទឹកជំនន់កាន់តែខ្លាំងឡើង ដោយខេត្តសុងក្លា បានប្រកាសថាដាក់ក្រុងហាតយ៉ៃ និងស្រុកជុំវិញជាតំបន់ក្រហម និងបញ្ជាឱ្យមានការជម្លៀសជាបន្ទាន់ ខណៈដែលភ្លៀងធ្លាក់យ៉ាងខ្លាំងក្លានៅតែបន្តធ្លាក់ក្រោមឥទ្ធិពលខ្យល់មូសុង។
លោកអភិបាលខេត្តសងុក្លាបានដឹកនាំកិច្ចប្រជុំមជ្ឈមណ្ឌលបញ្ជាគ្រោះមហន្តរាយខេត្តសម្រាប់ទឹកជំនន់ ព្យុះ និងការរអិលបាក់ដី ដើម្បីវាយតម្លៃស្ថានភាពកាន់តែអាក្រក់ទៅៗ និងអនុវត្តវិធានការឆ្លើយតបភ្លាមៗយោងតាមទិន្នន័យចុងក្រោងគិតត្រឹមល្ងាចថ្ងៃទី ២៣ ខែ វិច្ឆិកាទឹកជំនន់នៅទូទាំងខេត្តសុងក្លា ចន្លោះថ្ងៃទី១៩-២៣ ខែវិច្ឆិកា បានប៉ះពាល់ដល់ ស្រុកចំនួន១៦ ភូមិចំនួន៦៣៧រងគ្រោះ។
មនុស្សជាង ៤៦៥,០០០នាក់ត្រូវជម្លៀសចេញពីតំបន់ជន់លិច កាកបាទក្រហមសុងក្លា បានរៀបចំប្រអប់អាហារចំនួន ២០,០០០ ប្រអប់ក្នុងមួយថ្ងៃសម្រាប់ចែកចាយនៅទូទាំងស្រុកដែលរងផលប៉ះពាល់ទាំងអស់។ អភិបាលខេត្តបានបញ្ជាឱ្យស្ថាប័នទាំងអស់រក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ឆ្លើយតបនឹងការហៅទូរស័ព្ទសង្គ្រោះបន្ទាន់៕