681 ezgif.com resize
Swift cc time

ប្រជាជន និងកុមារជាង១ម៉ឺននាក់ ចូលរួមកម្សាន្តក្នុងកម្មវិធី«បុណ្យភូមិមានជើង» រយៈពេលបីថ្ងៃនៅខេត្តព្រះវិហារ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ព្រះវិហារ៖ ប្រជាជន និងកុមារជាង១ម៉ឺននាក់ ចូលរួមកម្សាន្តក្នុង«កម្មវិធីបុណ្យភូមិមានជើង» រយ:ពេល ៣ថ្ងៃ នៅខេត្តព្រះវិហារ តាមរយៈការក្រាលកន្ទេលមើលល្ខោន របាំ លេងល្បែងប្រជាប្រិយ និងសកម្មភាពអប់រំជាច្រើន។ កម្មវិធីនេះពាំនាំនូវសិល្បៈបុរាណខ្មែរ សកម្មភាពអប់រំ ចែករំលែកជូនដល់ប្រជាពលរដ្ឋ យុវជន និងកុមារនៅខេត្តព្រះវិហារ ដែលជាឱសថព្យាបាលផ្លូវចិត្ត ដើម្បីបន្ធូរបន្ថយភាពតានតឹង នាំមកនូវកម្លាំងចិត្ត និងក្តីសង្ឃឹមឡើងវិញក្នុងស្ថានភាពបច្ចុប្បន្ន។

លោក សាកល កិត្យា ដែលជាសហស្ថាបនិក និងអ្នកដឹកនាំ«មហោស្រពសិល្បៈបុណ្យភូមិមានជើង»ឆ្នាំនេះ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា«មហោស្រពសិល្បៈបុណ្យភូមិមានជើង ខេត្តព្រះវិហារ ពិតជាទទួលបានភាពកក់ក្តៅ និងស្នាមញញឹមពីប្រជាជន កុមារៗនៅទីនោះ។ ក្នុងនោះ សម្រាប់អ្នករៀបចំកម្មវិធី សិល្បករ សិល្បការនី និង ឡេឡេប្រាង្គ ទាំងអស់ពិតជាមានតួនាទីសំខាន់ ក្នុងការពាំនាំនូវសិល្បៈបុរាណខ្មែរ សកម្មភាពអប់រំ ចែករំលែកជូនដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងកុមារនៅខេត្តព្រះវិហារ ដែលជាឱសថព្យាបាលផ្លូវចិត្តដ៏ពិតប្រាកដ ដើម្បីបន្ធូរបន្ថយភាពតានតឹង នាំមកនូវកម្លាំងចិត្ត និងក្តីសង្ឃឹមឡើងវិញ។ ទន្ទឹមនឹងគ្នានេះ យើងក៏បានពាំនាំសិល្បៈដ៏សម្បូរបែប សិល្បៈក្នុងស្រុក មកបង្ហាញលើវេទិកាមហោស្រពសិល្បៈបុណ្យភូមិមានជើង ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នករស់នៅក្នុងទីក្រុង និង អ្នករស់នៅខេត្តព្រះវិហារ។»។

បន្ថែមពីនោះ លោក សាកល កិត្យា បានរៀបរាប់បន្តទៀតថា៖ «កម្មវិធី គឺរៀបចំឡើងជាពិសេស ដើម្បីចូលរួមអបអរសាទរទិវាកុមារពិភពលោកឆ្នាំ ២០២៥ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសន្តិភាព យើងរួមគ្នាដើម្បីសិទ្ធិកុមារ» ហើយក្នុងនោះខេត្តព្រះវិហារ ពិតជាសម្បូរដោយកុមារៗមានទេពកោសល្យ សមត្ថភាពសុទ្ធសឹងតែជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ។បុណ្យភូមិមានជើង បានប្រារព្វឡើងនៅខេត្តព្រះវិហារ មិនត្រឹមតែផ្សព្ធផ្សាយពីសិល្ប: វប្បធម៌ និង ទេសចរណ៍នៃខេត្តដែលជាតំបន់មរតកវប្បធម៌ និង ជាទឹកដីចំណាស់នោះឡើយ យើងក៏ចង់ផ្តោតសំខាន់លើការយកចិត្តទុកដាក់ទៅលើកុមារដែលពួកគាត់ត្រូវតែទទួលបានសិទ្ធនៅក្នុងការចូលរួម សិទ្ធិការពារ សិទ្ធិអភិវឌ្ឍន៍ និង សិទ្ធិនៅក្នុងការបញ្ចេញមតិស្មើៗគ្នា។»។

បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ បានធ្វើឡើងរយ:ពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការរៀបចំដោយ ភ្លើងគប់ និង បុណ្យភូមិ សហការរៀបចំដោយ UNICEF Cambodia - ដើម្បីកុមារគ្រប់រូប ដែលមានគាំទ្រដោយ៖ អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihear រដ្ឋបាលខេត្តព្រះវិហារ និង World Vision Cambodia៕


Khcct banner

អត្ថបទទាក់ទង