ជប៉ុន៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ដែលកំពុងធ្វើទស្សនកិច្ចមូលដ្ឋានយោធាមួយក្បែរកោះតៃវ៉ាន់បាន បញ្ជាក់ថាផែនការដាក់ពង្រាយមីស៊ីលទៅកាន់កោះតៃវ៉ាន់កំពុងដំណើរការ ការសម្រេចដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់ជប៉ុននេះធ្វើឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនថ្មីលោកស្រី Sanae Takaichi បានធ្លោយមាត់កាលពីថ្ងៃទី៧ ខែវិច្ឆិកា ថាជប៉ុនអាចនឹងធ្វើការឆ្លើយតបដោយយោធា ក្នុងករណីចិនប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់។ ពាក្យសម្តីរបស់លោកស្រីប៉ុន្មានម៉ាត់នេះធ្វើឲ្យចិនខឹងសម្បារនិងព្រមានឲ្យលោកស្រីកែតម្រូវពាក្យដែលខ្លួនបាននិយាយ ក្នុងនោះចិនក៏បានព្រមានពលរដ្ឋខ្លួនដែលរស់នៅជប៉ុនឲ្យរក្សាការប្រុងប្រយ័ត្ន និងចៀសវាងធ្វើដំណើរទៅកាន់ជប៉ុនបើមិនចាំបាច់។
យោងតាមសេចក្តីរាយការណ៍របស់កាសែត THE JAPAN TIMES លោក កូអ៊ីហ្ស៊ូមី (រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថាការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនេះអាចជួយកាត់បន្ថយឱកាសនៃការវាយប្រហារដោយអាវុធលើប្រទេសរបស់យើង។ លោកថាជប៉ុនកំពុងដំណើរការដាក់ពង្រាយមីស៊ីលបាញ់ពីលើដីទៅអាកាសរយៈចម្ងាយមធ្យមនៅលើកោះ Yonaguni ចម្ងាយប្រហែល ១១០ គីឡូម៉ែត្រភាគខាងកើតនៃកោះតៃវ៉ាន់។
បើតាមលោក លោក កូអ៊ីហ្ស៊ូមី ប្រទេសជប៉ុនត្រូវតែកសាង បង្កើនសមត្ថភាពផ្ទាល់ខ្លួន និងពង្រឹងទំនាក់ទំនងជាមួយយោធាសហរដ្ឋអាម៉េរិក លោកបញ្ជាក់ទៀតថាសព្វថ្ងៃនេះ ប្រទេសជប៉ុនប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមលោកលើកទី 2 ដូចច្នេះដើម្បីការពារជីវភាពរស់នៅដោយសន្តិភាពរបស់ប្រជាជនជប៉ុន រួមទាំងមនុស្សគ្រប់គ្នានៅទីនេះលើកោះយ៉ូណាគុនី យើងត្រូវតែពង្រឹងសមត្ថភាពកងកម្លាំងការពារខ្លួន។
គួរកត់សម្គាល់ថាកោះ Yonaguni មានចម្ងាយប្រមាណត្រឹមតែ ១១០ គីឡូម៉ែត្រតែប៉ុណ្ណោះពីកោះតៃវ៉ាន់ ជប៉ុនថាការដាក់ពង្រាយមីស៊ីលគឺដើម្បីការពារខ្លួនពីការវាយប្រហារណាមួយរបស់សត្រូវតែប៉ុណ្ណោះ៕