681 ezgif.com resize
Moneygramott moi1280x163px

សម្តេចម៉ែ ព្រះរាជទានថវិកា«១០ម៉ឺនដុល្លារ» ដើម្បីជួយជនភៀសសឹកតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ១០០.០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាម៉េរិក) ជូនសម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបការលំបាកតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាំយកមកប្រគល់ជូនលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នូវសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយជាអនេកប្បការ ដោយបានទទួលព្រះរាជទ្រព្យ ចំនួន ១សែនដុល្លារអាម៉េរិក ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមជួយដល់ប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបប្រទះការលំបាកខ្វះខាត នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ តាមរយៈ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក៏បានជម្រាបជូនសម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី អំពីព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានកសាងជាព្រះរាជសមិទ្ធផលនានាជូនដល់ប្រជានុរាស្ត្រងាយរងគ្រោះបំផុតរស់នៅទីជនបទឆ្ងាយដាច់ស្រយាល ដែលមានដូចជា៖ បានសាងសង់ផ្ទះចំនួន ២៨ខ្នង (ក្នុងនោះ ផ្ទះ ២ខ្នង នៅខេត្តព្រះវិហារ, ៤ខ្នង នៅឧត្តរមានជ័យ, ៥ខ្នង នៅកំពង់ឆ្នាំង, ៥ខ្នង នៅកំពង់ស្ពឺ, ១០ខ្នង នៅពោធិ៍សាត់, និងផ្ទះ ២ខ្នង នៅខេត្តកំពង់ធំ)។

ជាមួយគ្នានេះ បានសាងសង់អណ្តូងទឹកស្អាតចំនួន ៣៣អណ្តូង (ក្នុងនោះ អណ្តូងចំនួន៣ នៅខេត្តព្រះវិហារ, អណ្តូង១៦ នៅឧត្តរមានជ័យ, អណ្តូង៣ នៅមណ្ឌលគិរី, អណ្តូង៦ នៅកំពង់ឆ្នាំង, អណ្តូង២ នៅកំពង់ស្ពឺ, និងអណ្តូង៣ នៅខេត្តកំពង់ធំ)។ ទន្ទឹមនឹងនេះ ក៏បានសាងសង់កន្លែងលាងសម្អាតដៃចំនួន ១៣កន្លែង (ក្នុងនោះកន្លែងលាងសម្អាតដៃ ៦កន្លែងនៅខេត្តកំពង់ធំ និង ៧កន្លែង នៅខេត្តមណ្ឌលគិរី)។ បន្ថែមពីនេះ ក៏បានសាងសង់បង្គន់អនាម័យ ៤ខ្នង (មាន១៣បន្ទប់) ក្នុងនោះបង្គន់អនាម័យ ៣ខ្នង នៅខេត្តកំពង់ធំ និង ១ខ្នង នៅខេត្តមណ្ឌលគិរី ផងដែរ៕


Khcct banner

អត្ថបទទាក់ទង