ភ្នំពេញ៖ សមាគមស្ថាបត្យករខ្មែរ ជ្រើសរើសនិស្សិត និងបុគ្គលវ័យក្មេងក្នុងវិស័យស្ថាបត្យកម្ម នគរូបនីយកម្ម ស្ថាបត្យកម្មទេសភាព និងជំនាញពាក់ព័ន្ធ មករចនាបម្លែងតំបន់នេះឲ្យក្លាយជា «ទីក្រុងអេប៉ុង» ដែលអាចស្រូប រក្សាទុក និងសំអាតទឹកភ្លៀង កាត់បន្ថយជំនន់ និងបង្កើតលំហបៃតង និងលំហសង្គមថ្មីៗ។
យោងតាមគេហទំព័រនៃ សមាគមស្ថាបត្យករខ្មែរ បានគូសបញ្ជាក់ថា ទីក្រុងភ្នំពេញកំពុងប្រឈមមុខនឹងបញ្ហាកើនឡើងពីកំណើនទីក្រុង ការប្រែប្រួលអាកាសធាតុ និងតម្រូវការអភិវឌ្ឍប្រកបដោយចីរភាព។ តំបន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញចាស់ ជាតំបន់ដីមានតម្លៃខ្ពស់មួយ ដែលមិនទាន់បានប្រើប្រាស់អស់សក្តានុពលនៅឡើយ។
ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានលក្ខខណ្ឌជានិស្សិត និងបុគ្គលវ័យក្មេងក្នុងវិស័យស្ថាបត្យកម្ម នគរូបនីយកម្ម ស្ថាបត្យកម្មទេសភាព និងជំនាញពាក់ព័ន្ធ មករចនាបម្លែងតំបន់នេះឲ្យក្លាយជា «ទីក្រុងអេប៉ុង» ដែលអាចស្រូប រក្សាទុក និងសំអាតទឹកភ្លៀង កាត់បន្ថយជំនន់ និងបង្កើតលំហបៃតង និងលំហសង្គមថ្មីៗ។ បេក្ខជនជានិស្សិត និងបញ្ចប់ការសិក្សាមិនលើស ២ ឆ្នាំ ដែលបានសិក្សាជំនាញ៖ ស្ថាបត្យកម្ម នគរូបនីយកម្ម ស្ថាបត្យកម្មទេសភាព និងជំនាញពាក់ព័ន្ធ។ បេក្ខជនអាចចូលរួមជាឯកជន ឬជាក្រុម (អតិបរមា ៤ នាក់ក្នុងមួយក្រុម)។
ចំណុចសំខាន់ៗនៃការប្រកួតនេះ គឺ បេក្ខជនត្រូវរចនាយុទ្ធសាស្ត្រ Sponge City (ផ្ទៃជ្រាបទឹក សំណង់បៃតង តំបន់ទឹកជម្រះ និងប្រព័ន្ធប្រមូលទឹកភ្លៀង) , កែប្រើអាគារអាកាសយានដ្ឋានចាស់ឡើងវិញ (Adaptive Reuse) ជាមួយមុខងារថ្មីៗ, បង្កើតលំហបៃតង សហគមន៍សកម្ម និងឱកាសសេដ្ឋកិច្ច, បង្ហាញគំនិតច្នៃប្រឌិត និងចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតទីក្រុង។ សម្រាប់ទំហំ និងលក្ខណៈការងារគឺមាន ទម្រង់ជា Presentation Board ទំហំ A1 Portrait ចំនួន 2 (ដាក់ជាឯកសារទន់ PDF) និង ក្រដាសអធិប្បាយគំនិតរចនា (Design Statement) អតិបរមា 300 ពាក្យ ទំហំក្រដាស A4។
បើតាមប្រភពដដែល រង្វាន់ជ័យលាភី៖ លេខ ១៖ 12,000,000 រៀល លេខ ២៖ 8,000,000 រៀល និងលេខ ៣៖ 4,000,000 រៀល។ ចំណែកឯក្រុម Top 10 នឹងត្រូវបានអញ្ជើញបង្ហាញស្នាដៃ នៅពិព័រណ៍ស្ថាបត្យកម្ម 2025 របស់សមាគមស្ថាបត្យករខ្មែរ។
ដើម្បីអាចចុះឈ្មោះចូលរួមប្រកួត បេក្ខជនត្រូវបំពេញព័ត៌មានតាមរយៈតំណភ្ជាប់ https://forms.gle/e1fZ4hBBmDju33RG8 ត្រឹមថ្ងៃទី 21 ខែវិច្ឆិកា ឆ្នាំ 2025។ ចំណែកឯ ថ្ងៃផុតកំណត់ទទួលការងារ៖ ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2025៕