ភ្នំពេញ៖ កម្មវិធីអាហារូបករណ៍ Fulbright U.S.-ASEAN Visiting Scholar Program កំពុងបើកទទួលពាក្យសម្រាប់គម្រោងស្រាវជ្រាវផ្តោតលើអាស៊ាន នៅសហរដ្ឋអាម៉េរិក។ ការស្រាវជ្រាវមានរយៈពេល 3-4 ខែ ដែលគាំទ្រដល់យុទ្ធនាការធំៗរបស់អាស៊ាន និងបញ្ហាអាទិភាពក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន។
យោងតាមគេហទំព័រស្ថានទូតអាម៉េរិក បានឱ្យដឹងថា ការស្រាវជ្រាវនឹងធ្វើឡើងក្រោមប្រធានបទដូចជា៖ ការរួមបញ្ចូលសេដ្ឋកិច្ច និង ទីផ្សារហិរញ្ញវត្ថុក្នុងតំបន់ សុវត្ថិភាព និង គោលនយោបាយស្តីពីបញ្ញាសប្បនិម្មិត បច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការដែនសមុទ្រ អប់រំ បច្ចេកវិទ្យាអាហារ វិទ្យាសាស្ត្រព័ត៌មាន សារព័ត៌មាន ច្បាប់ រដ្ឋបាលសាធារណៈ សុខភាពសាធារណៈ ពាណិជ្ជកម្ម និងការវិនិយោគ។ គួរបញ្ជាក់ថា កម្មវិធីស្រាវជ្រាវនេះមានរយៈពេល 3-4 ខែ ចាប់ផ្តើមពីខែមករា-ខែមីនា ឆ្នាំ 2027។
ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានលក្ខខណ្ធដូចជា ជាគ្រូបង្រៀនសាកលវិទ្យាល័យ មន្រ្តីក្រសួងការបរទេស និងរដ្ឋាភិបាល អ្នកជំនាញក្នុងវិស័យឯកជន ស្ថាប័នស្រាវជ្រាវ (think tanks)និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗ ដែលមានការងារផ្តោតលើបញ្ហាសហរដ្ឋអាមេរិក-អាស៊ាន។ បេក្ខជនត្រូវដាក់ពាក្យឱ្យបានមុនម៉ោង 5:00 ល្ងាច ថ្ងៃទី 16 ខែមករា ឆ្នាំ 2026 តាមរយៈតំណភ្ជាប់ដាក់ពាក្យ http://ow.ly/hkRg50Lf94r៕