ភ្នំពេញ៖ ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា (RCC) ដែលមានការគាំទ្រពីក្រសួងអប់រំ(MoEYS) និងក្រសួងប្រៃសណីយ៍ (MPTC) បានប្រកាសអំពីការរៀបចំ សន្និសីទជាតិ ស្តីពីបញ្ញាសិប្បនិម្មិតដើម្បីការអប់រំ (AI4Education) ឆ្នាំ២០២៥ ដែលរៀបចំដោយបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ សន្និសីទនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលនវានុវត្តន៍របស់ CADT។
ក្រោមប្រធានបទ "បញ្ញាសិប្បនិម្មិតសម្រាប់អនាគតនៃការអប់រំនៅកម្ពុជា" ព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាថ្នាក់ជាតិ សម្រាប់កិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់ ការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង ការដាក់តាំងបង្ហាញនវានុវត្តន៍ និងកិច្ចសហការ ដើម្បីជំរុញចក្ខុវិស័យរួមឆ្ពោះទៅកាន់អនាគតមួយដែល AI លើកកម្ពស់ការអប់រំ និងជ្រោមជ្រែងដល់អ្នកសិក្សា និងអ្នកអប់រំនៅកម្ពុជា។
គោលដៅស្នូល គឺការបង្កើតក្របខណ្ឌយុទ្ធសាស្ត្រ AI ដែលស្របតាមយុទ្ធសាស្ត្រជាតិ AI របស់កម្ពុជា ដោយមានការគាំទ្រពី កិច្ចពិភាក្សាគោលនយោបាយកម្រិតខ្ពស់។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ត្រូវបានបញ្ជាក់តាមរយៈវត្តមានរបស់ លោក ហង់ ជួនណារ៉ុន និង លោក ជា វ៉ាន់ដេត រួមជាមួយអ្នកជំនាញអន្តរជាតិ សាស្ត្រាចារ្យ Wayne Holmes មកពីសាកលវិទ្យាល័យ College London។
ជាផ្នែកមួយនៃសន្និសីទនេះ គឺមានការប្រកួតប្រជែងបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ (AI in Education Competition) ដែរជាកម្មវិធីយុទ្ធសាស្ត្រមួយក្នុងការពង្រឹងសក្តានុពលយុវជនជំនាន់ថ្មី និងជំរុញការផ្លាស់ប្តូរ វិស័យអប់រំជាតិតាមរយៈ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ សន្និសីទនេះ បានកំណត់គោលដៅអ្នកពាក់ព័ន្ធសំខាន់ៗក្នុងវិស័យអប់រំរួមមាន អ្នកតាក់តែងគោលនយោបាយ អ្នកអប់រំនៅតាមគ្រឹះស្ថានសិក្សាពីថ្នាក់ K-12 និងឧត្តមសិក្សា អ្នកអភិវឌ្ឍកម្មវិធីសិក្សា អ្នកស្រាវជ្រាវ និងអ្នកបង្កើតនវានុវត្តន៍បច្ចេកវិទ្យាអប់រំ (EdTech Innovators)។
កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលនវានុវត្តន៍ – (CADT) ។ ដើម្បីអាចចូលរួម សូមចុះឈ្មោះតាមតំណភ្ជាប់: https://bookme.plus/t/events/ai-for-education-2025។