ភ្នំពេញ៖ ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ឆ្នាំ២០២៥ នឹងរៀបចំឡើងក្រោមប្រធានបទ៖"ស្មារតីស្ម័គ្រចិត្ត៖ រួមគ្នាបង្កើតសង្គមឌីជីថលប្រកបដោយគណនេយ្យភាព និងសាមគ្គីភាព” នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដើម្បីបង្ហាញសមិទ្ធផលយុវជនស្ម៏គ្រចិត្ត។
យោងតាមគេហទំព័រ ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ បានឱ្យដឹងថា នៅក្នុងឱកាសទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត២០២៥ នេះ ក៏មានការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៥ ផងដែរ។ កម្មវិធីនឹងប្រកាសរកជ័យលាភីគម្រោងឆ្នើមទាំង ៣ក្រុម។ បន្ថែមពីនេះ កម្មវិធី ព្រមទាំង មានការតាំងបង្ហាញស្នាដៃសមិទ្ធផលរបស់យុវជនស្ម័គ្រចិត្ត ការទស្សនាស្តង់ និងចូលរួមស្តាប់កិច្ចពិភាក្សា ការចែករំលែកបទពិសោធល្អៗ ទាក់ទងទៅនឺងការងារស្ម័គ្រចិត្ត។
បើតាមប្រភពដដែល ការប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត និងវគ្គផ្ដាច់ព័្រត្រកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៥ មានគោលបំណង៖ អបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ឆ្នាំ២០២៥ ថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តតាមសហគមន៍ ថ្នាក់ជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ព្រមទាំងមានការប្រកួតវគ្គផ្ដាច់ព័្រត្រកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំឆ្នាំ២០២៥ ដើម្បីជ្រើសរើសគម្រោងឆ្នើម និងឆ្នើមរង ប្រចាំប្រទេសសម្រាប់ឆ្នាំ២០២៥ នៃកម្មវិធី ស.ស.ខ និងមានកិច្ចពិភាក្សាអំពីការអនុវត្តការងារស្ម័គ្រចិត្តនៅក្របខណ្ឌទូទាំងប្រទេស និងចែករំលែកបទពិសោធអំពីការអនុវត្តការងារស្ម័គ្រចិត្តពីអង្គការនានា ដែលបានអនុវត្តការងារស្ម័គ្រចិត្តនៅតាមសហគមន៍ ការលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់ការងារស្ម័គ្រចិត្តនៅក្របខណ្ឌទូទាំងប្រទេស។
គួរបញ្ជាក់ថា កម្មវិធីនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ធ្នូ ២០២៥ ចាប់ពីម៉ាង៧ព្រឹកតទៅ ដែលអនុញ្ញាតឱ្យចូលរួមដោយសេរី និងឥតគិតថ្លៃ តែតម្រូវឱ្យចុះឈ្មោះឱ្យបានត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈតំណភ្ជាប់ https://docs.google.com/.../1FAIpQLSeH0or.../viewform... ៕