681 ezgif.com resize
Swift cc time

«ថ្នាលអភិវឌ្ឍសមត្ថភាព» ជាជំហាននៃការផ្លាស់ប្តូរមួយ ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅកាន់«ការអប់រំគ្រូបង្រៀន»ប្រកបដោយគុណភាព

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលឌីជីថល “ថ្នាលអភិវឌ្ឍសមត្ថភាព (CDP)” ដើម្បីជំរុញការបណ្ដុះបណ្ដាលគ្រូបង្រៀន និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ "ថ្នាលអភិវឌ្ឍសមត្ថភាព" ផ្តល់ជូននូវវគ្គសិក្សាជំនាញឯកទេស និងឱកាសអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំជាច្រើនប្រភេទ ដែលត្រូវបានរចនាឡើងដើម្បីពង្រឹងចំណេះដឹង និងជំនាញរបស់បុគ្គលិកអប់រំទាំងកម្រិតថ្នាក់ជាតិ និងក្រោមជាតិ។

យោងតាមគេហទំព័រផ្លូវការនៃក្រសួងអប់រំ បានឱ្យដឹងថា «ថ្នាលអភិវឌ្ឍសមត្ថភាព» (Capacity Development Platform) គឺជាប្រព័ន្ធគ្រប់គ្រងការសិក្សា (LMS) សម្រាប់គ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំនៅកម្ពុជា ដែលត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល ដោយមានការគាំទ្រថវិកាពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) និងសហភាពអឺរ៉ុប (EU) តាមរយៈមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ (CDPF-III) និងក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី (DFAT) តាមរយៈអង្គការយូនីសេហ្វ (UNICEF) និងចូលរួមគាំទ្រផ្នែកបច្ចេកទេសពីអង្គការអប់រំពិភពលោក (WE)។ ថ្នាលនេះអាចឱ្យអង្គភាព ក្រោមឪវាទក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល (NGO) ដែលធ្វើការងារទាក់ទងទៅនឹងវិស័យអប់រំ និងគាំទ្រដល់សកម្មភាពអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូបង្រៀន អាចប្រើប្រាស់ដើម្បីរៀបចំ ដំណើរ និងគ្រប់គ្រងវគ្គសិក្សាបាន។

រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានលើកឡើងថា «ថ្នាលអភិវឌ្ឍសមត្ថភាព» គឺជាជំហាននៃការផ្លាស់ប្តូរមួយ ក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ការអប់រំគ្រូបង្រៀនប្រកបដោយគុណភាព។ តាមរយៈការធ្វើឌីជីថលរូបនីយកម្មការបណ្តុះបណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍវិជ្ជាជីវៈ ក្រសួងអប់រំ បាននិងកំពុងផ្តល់សិទ្ធិអំណាចដល់អ្នកអប់រំ ជាមួយនឹងឧបករណ៍ ចំណេះដឹង ជំនាញ និងការគាំទ្រ ដើម្បីជំរុញការសិក្សា និងធ្វើឱ្យប្រសើរទ្បើងនូវលទ្ធផលសិក្សា ដែលកម្មវិធីនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ចំពោះនវានុវត្តន៍ សមធម៌ និងឧត្តមភាពក្នុងវិស័យអប់រំ។ អ្នកជំនាញផ្នែកអប់រំគ្រប់រូបទូទាំងប្រទេស អាចប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ សម្រាប់ជួយលើកកម្ពស់គុណភាពអប់រំដែលផ្តល់ជូនដល់សិស្សានុសិស្ស។

ចំណែកឯ លោកបណ្ឌិត Will Parks នាយកអង្គការយូនីសេហ្វប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការគាំទ្រគ្រូបង្រៀន គឺជាការធានាបានថាកុមារគ្រប់រូប ជាពិសេសកុមារដែលងាយរងគ្រោះបំផុត អាចទទួលបានជំនួយដែលពួកគាត់ត្រូវការ ដើម្បីឈានដល់សក្ដានុពលពេញលេញរបស់ពួកគាត់ទាំងនៅក្នុងថ្នាក់រៀន និងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ដូច្នេះ ថ្នាលអភិវឌ្ឍសមត្ថភាព នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។ តាមរយៈការកែលម្អគុណភាពអប់រំ និងជំរុញលទ្ធភាពទទួលបានការសិក្សាប្រកបដោយសមធម៌ យើងអាចកសាងប្រព័ន្ធអប់រំមួយដែលមានភាពធន់ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញខ្ពស់ សម្រាប់អនាគតប្រទេសកម្ពុជា។

បើតាមក្រសួងអប់រំ "ថ្នាលអភិវឌ្ឍសមត្ថភាព" ផ្តល់ជូននូវវគ្គសិក្សាជំនាញឯកទេស និងឱកាសអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំជាច្រើនប្រភេទ ដែលត្រូវបានរចនាឡើងដើម្បីពង្រឹងចំណេះដឹង និងជំនាញរបស់បុគ្គលិកអប់រំទាំងកម្រិតថ្នាក់ជាតិ និងក្រោមជាតិ។ តាមរយៈថ្នាលអភិវឌ្ឍសមត្ថភាព គ្រូបង្រៀន គណៈគ្រប់គ្រងសាលា និងបុគ្គលិកអប់រំ អាចចូលរៀនវគ្គសិក្សាដែលមានការទទួលស្គាល់គុណភាពលើជំនាញឯកទេសដូចជាកញ្ចប់សម្ភារៈថ្នាក់ដំបូង ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងសាលារៀន ការអធិការកិច្ច ការវាយតម្លៃ ការអភិវឌ្ឍកម្មវិធីសិក្សាបច្ចេកវិទ្យាពត៌មាន និងសារគមនាគមន៍ (ICT) សម្រាប់ការបង្រៀននិងការរៀន ការគ្រប់គ្រងថ្នាក់រៀន វិធីសាស្រ្តគរុកោសល្យ ការស្រាវជ្រាវ និងប្រធានជាច្រើនទៀត។

ថ្នាលអភិវឌ្ឍសមត្ថភាព មានមុខងារតាមដានវឌ្ឍនភាពការសិក្សា មុខងាររក្សាទុក វេទិកាពិភាក្សា និងការវាយតម្លៃទៅលើមេរៀននីមួយៗ ហើយអ្វីដែលសំខាន់គឺការទទួលបានក្រេឌីត អវប លិខិតបញ្ជាក់ការសិក្សា ឬស្លាកសញ្ញាសម្គាល់ជំនាញ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ ដែលផ្តល់ឱ្យគ្រូបង្រៀន គ្រូឧទ្ទេស និងបុគ្គលិកអប់រំ នូវឱកាសដើម្បីអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំតាមរយៈការសិក្សាតាមបែបចម្រុះ និងអនទ្បាញ មានភាពបត់បែន និងងាយស្រួល ដែលអាចធ្វើស្វ័យសិក្សាដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ សម្រាប់ព័ត៌មានបន្ថែម និងដើម្បីចូលទៅកាន់ថ្នាលអភិវឌ្ឍសមត្ថភាពនេះ សូមចូលទៅកាន់៖ https://cdp.moeys.gov.kh/ ៕


Khcct banner

អត្ថបទទាក់ទង