ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាត្រូវតែបណ្ដុះបណ្ដាលនិស្សិតឱ្យមានការគិតពិចារណាដោយភាពវាងវៃ ដើម្បីជៀសវាងការពឹងផ្អែកទាំងស្រុងលើ AI ។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើក នៃវេទិកាស្រាវជ្រាវថ្នាក់ជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សា ឆ្នាំ២០២៥» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យបញ្ញាសិប្បនិម្មិត។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍ នៃអគ្គនាយកដ្ឋានឧត្តមសិក្សារបស់ក្រសួងអប់រំ សហការជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន និងភាគីពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងសមត្ថភាពនិងគុណភាពមូលធនមនុស្ស និងការបង្កើតនិងប្រព័ន្ធអេកូស៊ីស្រាវជ្រាវឱ្យរឹងមាំលើការអប់រំស្ទែម និងការស្រាវជ្រាវ តាមរយៈការលើកកម្ពស់វប្បធម៌សិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ធនធានស្រាវជ្រាវ និងការត្រៀមខ្លួនរបស់យុវជនលើការចាប់យកការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតនៅកម្រិតឧត្តមសិក្សាដើម្បីបម្រើផលប្រយោជន៍ជាតិ និងវិស័យអាទិភាពរបស់កម្ពុជា។
រដ្ឋមន្រ្តីក្រសួងអប់រំ បានគូសបញ្ជាក់ក្នុង «វេទិកាស្រាវជ្រាវថ្នាក់ជាតិ និងពិព័រណ៍ស្ទែមឧត្តមសិក្សា ឆ្នាំ២០២៥» នេះថា ការអប់រំឌីជីថល និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សាគឺជាអាទិភាពកំណែទម្រង់គន្លឹះមួយ ដែលក្រសួងកំពុងតែយកចិត្តទុកដាក់អនុវត្ត ដែលក្នុងនោះរួមមាន ទី១៖ ការអប់រំឌីជីថល ដែលរួមបញ្ចូលបច្ចេកវិទ្យាទៅក្នុងការសិក្សា ដើម្បីបរិវត្តកម្មសេដ្ឋកិច្ចសង្គមឌីជីថល និងការត្រៀមខ្លួនទទួលយក និងទាញយកប្រយោជន៍ឱ្យបានកម្រិតអតិបរិមា ពីការរីកចម្រើនបច្ចេកវិទ្យានៅលើសកលលោក។ ទី២៖ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថាន ឧត្តមសិក្សា ដោយគ្រឹះស្ថានឧត្តមសិក្សាត្រូវផ្តោតលើការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់គុណវុឌ្ឍិសាស្ត្រាចារ្យឱ្យមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតការស្រាវជ្រាវ និងជំរុញសហគ្រិនភាព និងនវានុវត្តន៍នៅតាមសាកលវិទ្យាល័យ។ ការលើកកម្ពស់គុណភាពសាស្ត្រាចារ្យបង្រៀន និងការបង្កើតភាពជាដៃគូជាមួយអាជីវកម្មសហគ្រាស ដើម្បីផ្តល់ឱកាសដល់និស្សិតសិក្សាមានសហគ្រិនភាព ការទទួលបានការងារ និងបទពិសោធជាក់ស្តែង។
បើតាមប្រភពដដែល លោក ហង់ ជួនណារ៉ុន បានសង្កត់ធ្ងន់ថា ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ជឿនលឿននេះ «បញ្ញាសិប្បនិម្មិត (AI)» បានក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតមួយក្នុងការផ្លាស់ប្តូរពិភពលោក ដោយជះឥទ្ធិពលស្ទើរគ្រប់វិស័យ ជាពិសេសវិស័យអប់រំ តាមរយៈការសិក្សាផ្ទាល់ខ្លួន (Personalized Learning) និងការផ្តល់មតិកែលម្អភ្លាមៗ AI កំពុងជួយគ្រឹះស្ថានឧត្តមសិក្សាក្នុងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ប្រកបដោយសមត្ថភាពស្រាវជ្រាវខ្ពស់ ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ទីផ្សារការងារ និងការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព។
ទន្ទឹមនឹងការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យានេះ លោកបានណែនាំឱ្យប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ដោយផ្តោតលើភាពចាំបាច់នៃការទទួលខុសត្រូវ និងការយល់ដឹងស៊ីជម្រៅអំពីឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថល ហើយគ្រឹះស្ថានឧត្តមសិក្សាត្រូវតែបណ្ដុះបណ្ដាលនិស្សិតឱ្យមានការគិតពិចារណាដោយភាពវាងវៃ ដើម្បីជៀសវាងការពឹងផ្អែកទាំងស្រុងលើ AI និងដើម្បីអាចវិនិច្ឆ័យភាពត្រឹមត្រូវ និងភាពជឿជាក់នៃព័ត៌មានដែលបង្កើតដោយ AI៕