វៀតណាម៖ កម្រិតភាសាអង់គ្លេសរបស់ប្រទេសវៀតណាមបានឈានទៅ "កម្រិតមធ្យម" កាលពីថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ វៀតណាមមានចំណាត់ថ្នាក់ទី64 ក្នុងចំណោម 123 ប្រទេស ដែលវាស់ដោយសន្ទស្សន៍ជំនាញភាសាអង់គ្លេស ដោយស្ថាប័ន Education First (EF)។
វៀតណាមទទួលបានពិន្ទុ 500 ក្នុងសន្ទស្សន៍ជំនាញភាសាអង់គ្លេស (EPI) ឆ្នាំនេះ ដែលជាចំណាត់ថ្នាក់ទី64 ក្នុងចំណោម 123 ប្រទេស។ ពិន្ទុនេះគឺមានភាពប្រសើរឡើងបន្តិចលើ 498 កាលពីឆ្នាំមុន ហើយលើសពីមធ្យមភាគសកលនៃ 488។ សន្ទស្សន៍ជំនាញភាសាអង់គ្លេស ដែលកំណត់ដោយ Education First នេះ គឺកំណត់ពិន្ទុចន្លោះពី 500 និង 549 នៅក្នុង«កម្រិតមធ្យម» ដែលត្រូវនឹងកម្រិត B1-B2 នៃក្របខ័ណ្ឌទូទៅ(CEFR) ។ គួររម្លឹកថា កាលពីឆ្នាំមុន វៀតណាមមានកម្រិតភាសាអង់គ្លេសនៅត្រង់កម្រិត "ទាប"។
យោងតាមគេហទំព័រសារព័ត៌មានវៀតណាម បានឱ្យដឹងថា នៅក្នុងតំបន់អាស៊ី វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមប្រទេស និងតំបន់ទាំង ២៥ ដែលជាចំណាត់ថ្នាក់នាំមុខមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ជាច្រើន រួមទាំង ចិន(464) ឥណ្ឌា (484) និងជប៉ុន (446)។
Education First (EF) បែងចែកកម្រិតភាសាអង់គ្លេសជាប្រាំកម្រិតរួមមាន ខ្ពស់ណាស់ ខ្ពស់ មធ្យម ទាប និងទាបខ្លាំង។ EF Education First គឺជាក្រុមហ៊ុនអប់រំសកលដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1965 ដែលផ្តល់ជូននូវកម្មវិធីផ្លាស់ប្តូរភាសា ការសិក្សា និងវប្បធម៌៕