681 ezgif.com resize
Swift cc time

ជប៉ុន មានបំណងចង់រួមចំណែកអភិវឌ្ឍ«វិស័យអប់រំកុមារតូចនៅកម្ពុជា»ឱ្យកាន់តែរីកចម្រើន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក IWAKI MITSUHIDE ប្រធានមូលនិធិលើកកម្ពស់ការអប់រំកុមារតូច ខេត្តហ្វូគូស៊ីម៉ា ប្រទេសជប៉ុន នាសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូជប៉ុន ដើម្បីពិនិត្យលទ្ធភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំពាក់ព័ន្ធនឹងកុមារតូច និងមត្តេយ្យសិក្សានៅកម្ពុជា តាមរយៈជួបពិភាក្សាជាមួយ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ និងថ្នាក់ដឹកនាំក្រសួងអប់រំ និងមន្រ្តីក្រោមឱវាទ។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា លោក IWAKI MITSUHIDE បានគូសបញ្ជាក់ថា គោលបំណងចម្បង ដែលលោកដឹកនាំប្រតិភូជប៉ុនទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានេះគឺដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីប្រព័ន្ធអប់រំនៃប្រទេសកម្ពុជា ជាពិសេសការអប់រំកុមារតូច និងមត្តេយ្យសិក្សា ដើម្បីកំណត់លទ្ធភាពនៃកិច្ចសហប្រតិបត្តិការនានា ព្រមទាំងបានលើកឡើងពីគំនិតផ្តួចផ្តើមក្នុងការនាំយកនូវកម្មវិធីសិក្សា និងវិធីសាស្រ្តចិញ្ចឹមបីបាច់ និងបង្រៀនកុមារតូចរបស់ប្រទេសជប៉ុនមកអនុវត្តនៅក្នុងប្រទេសកម្ពុជា និងការបើកសាលាមត្តេយ្យសិក្សាជប៉ុននៅកម្ពុជាជាដើម ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍវិស័យអប់រំកុមារតូចនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

បើតាមប្រភពដដែល លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ប្រតិភូជប៉ុន ដោយបានលើកឡើងថា សាលាមត្តេយ្យជប៉ុនទទួលបានប្រជាប្រិយភាពខ្ពស់នៅកម្ពុជា ដោយសារប្រជាជនកម្ពុជាមានការទុកចិត្តយ៉ាងមុតមាំលើគុណភាពអប់រំ និងកម្មវិធីសិក្សារបស់ប្រទេសជប៉ុន។ លោកបានគូសបញ្ជាក់ថា ក្រសួងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់កិច្ចសហការ និងសម្របសម្រួល ដើម្បីនាំយកបទពិសោធល្អៗរបស់ជប៉ុន មកចូលរួមលើកកម្ពស់គុណភាពអប់រំមត្តេយ្យសិក្សានៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

បន្ថែមលើនេះ លោកបានកោតសរសើរលើវិធីសាស្ត្រដែលបង្រៀនកុមារតូចឱ្យមាន ភាពឯករាជ្យ និងជំនាញជីវិតតាំងពីវ័យក្មេង ដែលជាគន្លឹះសំខាន់សម្រាប់ភាពជោគជ័យនាពេលអនាគត។ បច្ចុប្បន្ន មាតាបិតា និងអាណាព្យាបាល កំពុងចាប់ផ្ដើមយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្រូវការឱ្យកូនចាប់ផ្តើមរៀននៅកម្រិតមត្តេយ្យសិក្សា ដើម្បីធានាថាពួកគេមាន មូលដ្ឋានរឹងមាំ សម្រាប់ភាពជោគជ័យក្នុងការសិក្សាបន្តបន្ទាប់ទៀត៕

Khcct banner

អត្ថបទទាក់ទង