វៀតណាម៖ ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរនៅវៀតណាម បានបង្កឱ្យមានទឹកជំនន់ដ៏ធំ និង ការបាក់ដីយ៉ាងសាហាវនៅទូទាំងតំបន់កណ្តាលនៃប្រទេសវៀតណាម ដែលប៉ះពាល់ដល់ខេត្តនានាចាប់ពីខេត្តក្វាងទ្រី ដល់ ខេត្តខាញ់ហ័រ។ ទឹកជំនន់ដ៏ធំនេះ បណ្តាលមកពីរងឥទ្ធិពលព្យុះជាច្រើន ក្នុងរយៈពេលថ្មីៗនេះ ដោយកន្លែងមូយចំនួនរងការលិចលង់ភាគច្រើនចាប់ពីកន្លះម៉ែត្រ រហូតដល់ជាង២ម៉ែត្រ។
ក្នុងខេត្តមួយចំនួនដូចជា Khanh Hoa បានរងនូវភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយមានបរិមាណទឹកភ្លៀងសរុបចន្លោះពី ២៥០-៣៥០ មីលីម៉ែត្រនៅល្ងាចថ្ងៃចន្ទ។
ក្រៅពីទឹកជំនន់ ក៏មានការរអិលបាក់ដីធ្ងន់ធ្ងរនៅខេត្ត Khanh Hoa នៅយប់ថ្ងៃអាទិត្យ នៅលើផ្លូវជាតិលេខ 27C នៅច្រក Khanh Le ដែលជាផ្លូវសំខាន់ដែលតភ្ជាប់ Nha Trang និង Da Lat។ ការរអិលបាក់ដីនេះ បានកប់ឡានក្រុងដឹកអ្នកដំណើរចំនួន ៣២ នាក់ និងបានសម្លាប់មនុស្សចំនួន ៦ នាក់។
ក្នុងខេត្តឡាំដុង ក៏មានភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានការរអិលបាក់ដី និងស្នាមប្រេះនៅលើផ្លូវធំៗទៅដល់ទីក្រុងដាឡាត។ បន្ថែមពីនេះ នៅខេត្ត Quang Ngai ភ្លៀងធ្លាក់ក្នុងកម្រិតពី ១៥០-២៣៥ មីលីម៉ែត្រ កាលពីយប់ថ្ងៃអាទិត្យ និងរហូតដល់ព្រឹកថ្ងៃចន្ទ បានបណ្តាលឱ្យស្ពានមួយឆ្លងកាត់ Nuoc Bao Stream បាក់ ដោយកាត់ផ្តាច់ផ្លូវចូលទៅកាន់ភូមិតូចៗពីរក្នុងឃុំ Son Ha។
ផ្ទះប្រជាពលរដ្ឋ និងផ្លូវជាច្រើននៅប្រទេសវៀតណាមបានរងការខូចខាតដោយសារការលិចលង់ចាប់ពីចុងខែតុលា ខណៈកម្រិតទឹកកើនឡើងនៅក្នុងទន្លេ Huong បានជន់លិចកោះ Ong Sat។ ចាប់តាំងពីថ្ងៃទី ២៧ ខែតុលា ទីក្រុង Hue បានជួបប្រទះនឹងព្រឹត្តិការណ៍ទឹកជំនន់ចំនួនបួនដង ដោយទន្លេ Bo ទឹកបានកើនឡើងលើសពីកម្រិតទី៣ ដែលជាកម្រិតព្រមានខ្ពស់បំផុត៕