681 ezgif.com resize
Swift cc time

កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីបន្តចូលរួមចំណែកចែករំលែកបទពិសោធន៍ និងស្វែងយល់ពីប្រទេសនានា ដើម្បីពន្លឿនការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ ធ្វើឱ្យមានភាពធន់ និងបញ្ចេញកាបូនទាប។ យើងអាចធានាថាប្រព័ន្ធស្បៀងអាហារក្លាយជាមូលដ្ឋានគ្រឹះនៃសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះប្រសាសន៍របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាគន្លឺះនៅក្នុងកិច្ចប្រជុំ “សម្ព័ន្ធនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ (ACF)” ក្នុងក្របខណ្ឌនៃសន្និសីទកំពូល លើកទី៣០ នៃរដ្ឋភាគីនៃអនុសញ្ញអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅទីក្រុងBelem ប្រទេសប្រេស៊ីល នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ប្រទេសកម្ពុជាទទួលស្គាល់ថាការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ គឺជាចំណុចកណ្តាលនៃការសម្រេចបាន ទាំងគោលដៅអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយគ្នានេះ លោកបានលើកឡើងថា ផែនការរួមចំណែកជាតិលើកទី៣ NDC 3.0 របស់កម្ពុជា បានរួមបញ្ចូលការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ដែលជាផ្លូវស្នូលសម្រាប់ការកាត់បន្ថយ ការសម្របខ្លួន និងកសាងភាពធន់នឹងអាកាសធាតុ។

កម្ពុជា បានចាត់ទុកអាទិភាពសំខាន់ៗរួមមាន៖ ការលើកកម្ពស់របបអាហារប្រកបដោយចីរភាព និងមានសុខភាពល្អ; ការពង្រីកកសិកម្មឆ្លាតវៃ និងធន់នឹងអាកាសធាតុ; ការជំរុញការស្តារតំបន់ការពារទេសភាព និងវិធីសាស្រ្តផ្អែកលើប្រព័ន្ធអេកូឡូស៊ី; ការកាត់បន្ថយសំណល់ចំណីអាហារ; និងការបញ្ចូលសមភាពយេនឌ័រទៅក្នុងសកម្មភាពទាំងអស់។ លើសពីនេះ អាទិភាពទាំងនេះត្រូវបានចង្អុលបង្ហាញ ក្នុងផែនទីបង្ហាញផ្លូវចំនួនពីរ របស់កម្ពុជា ទី១ ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ២០២៥-២០៣០ និងយុទ្ធសាស្ត្រជាតិលើកទី ៣ សម្រាប់សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភឆ្នាំ ២០២៤-២០២៨។

ក្នុងនាមជាប្រទេសសមាជិកនៃសម្ព័ន្ធACF ប្រទេសកម្ពុជាសូមកោតសរសើរ ចំពោះសម្ព័ន្ធចំពោះជំនួយ ដែលបានផ្តល់ឱ្យយើងក្នុងការបង្កើតផ្លូវផ្ទាល់ខ្លួន របស់យើងឆ្ពោះទៅរកការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន នៅក្នុងកិច្ចប្រជុំ COP28 ។ លោករដ្ឋមន្រ្តីបានថ្លែងបន្តថា តាមរយៈសម្ព័ន្ធភាពនេះ កម្ពុជាទទួលបានបទពិសោធន៍រួមគ្នា លើការរួមបញ្ចូលប្រព័ន្ធស្បៀងអាហារ និងគោលនយោបាយអាកាសធាតុនៅតាមក្រសួង និងស្ថាប័ននានានៅកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាការពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ រួមទាំងទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអ្នកផ្តល់ជំនួយទ្វេភាគីជាដើម។ ការដាក់ឱ្យដំណើរការក្របខ័ណ្ឌវឌ្ឍនភាពរបស់សម្ព័ន្ធ ACF នៅថ្ងៃនេះ ក៏ជាការបង្ហាញការរួមគ្នាចែករំលែកបទពិសោធន៍ ពង្រីកកិច្ចសហប្រតិបត្តិការ និងការកៀរគរធនធានបន្ថែមទៀត។

សូមបញ្ជាក់ថា សម្ព័ន្ធAlliance of Champions for Food System Transformation ,ACF នៅក្នុងឆ្នាំនេះ បានទទួលស្វាគមន៍ ប្រទេសអ៊ីតាលី និងវៀតណាម ជាសមាជិកថ្មី។ សម្ព័ន្ធនេះបានដំណើរការចាប់ពីCOP28 ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងមានប្រទេសសមាជិកចំនួន៥ប្រទេសរួចមកហើយ រួមមានប្រទេសប្រេស៊ីល កម្ពុជា ន័រវែស រវ៉ាន់ដា និងសៀរ៉ាឡេអូន។ ប្រទេសទាំងអស់ បានធ្វើការប្ដេជ្ញាចិត្ត ជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ នៅក្នុងប្រព័ន្ធស្បៀងអាហាររបស់ប្រទេសខ្លួន ដើម្បីផ្តល់លទ្ធផលកាន់តែប្រសើរសម្រាប់មនុស្ស ធម្មជាតិ និងអាកាសធាតុ៕


Khcct banner

អត្ថបទទាក់ទង