ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា រៀបចំ «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះ កម្ពុជា-ចិន នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីជាតិ និងសិល្បករ សិល្បការិនីមកពីប្រទេសចិន ដើម្បីបន្តជំរុញការ ផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥» ឱ្យបានទូលំទូលាយ។
យោងតាមសេចក្តីជូនដំណឹងនៃក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ និង ពង្រឹងចំណងមិត្តភាព កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងស្អិតរមួត និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសតំបន់សៀមរាបអង្គរ ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារទេសចរចិន និងអន្តរជាតិ សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើន ថែមទៀត។
ក្រសួងទេសចរណ៍ អំពាវនាវដល់គ្រប់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ សារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមដោយ និងជំរុញផ្សព្វផ្សាយអំពី «មហោស្រពតន្ត្រីទេសចរណ៍អន្តរជាតិ កម្ពុជា-ចិន» អមដោយការបង្ហាញវប្បធម៌តន្ត្រីចម្រុះ កម្ពុជា-ចិន ខាងលើនេះឱ្យបានទូលំទូលាយ និងបានច្រើនកុះករ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ (+៨៥៥) ៩៦ ២៦៥ ៥៥៥៥ / (+៨៥៥) ១២ ៣១៣ ៧៨៩ (Telegram) ឬអ៊ីម៉ែល [email protected] / [email protected]៕