ភ្នំពេញ៖ លោកឧត្តមនាវីទោ Jacques RIVIERE ដែលទទួលបន្ទុកបេសកកម្មរបស់កងទ័ពបារាំងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងប៉ូលីនេស៊ីបារាំង (ALPACI-FAPf) អមដំណើរដោយលោកស្រីវរនាវីឯក Anne BRUN អនុព័ន្ធផ្នែកការពារជាតិបារាំង បានបំពេញទស្សនកិច្ច ជួបពិភាក្សា និងចូលរួមសិក្ខាសាលាស្តីពីបច្ចុប្បន្នភាពយុទ្ធសាស្ត្រការពារជាតិឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិកម្ពុជា។
យោងតាមគេហទំព័រនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងថា គណៈប្រតិភូយោធាបារាំងបានចូលរួមក្នុងសិក្ខាសាលាលើកទី២ ឆ្នាំ២០២៥ ស្តីពីបច្ចុប្បន្នភាពយុទ្ធសាស្ត្រការពារជាតិឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ។ ក្នុងអំឡុងពេលបំពេញបេសកកម្មនេះ លោកឧត្តមនាវីទោ Jacques RIVIERE បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក ។
បើតាមប្រភពដដែល ជំនួប និងកិច្ចពិភ្សាខាងលើស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្នែកការពារ ដែលផ្សារភ្ជាប់ប្រទេសបារាំង និងប្រទេសកម្ពុជា ហើយផ្តោតជាពិសេសលើការជួយជ្រោមជ្រែងដល់ការដាក់បទបញ្ជា ការបណ្តុះបណ្តាលដំបូងនៃសិស្សសាលានាយទាហានសកម្ម ការបង្រៀនភាសាបារាំង និងការត្រៀមរៀបចំកងទ័ពមួកខៀវកម្ពុជាក្នុងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព៕