ភ្នំពេញ៖ មហោស្រពសិល្បៈបុណ្យភូមិមានជើងឆ្នាំ២០២៥ បានប្រកាសសហការជាមួយអង្គការ UNICEF ប្រចាំនៅកម្ពុជា ក្នុងការរៀបចំកម្មវិធី រត់ចម្ងាយខ្លី នៅឯខេត្តព្រះវិហារ ក្នុងគោលបំណងដ៏ថ្លៃថ្លាដើម្បីអបអរ ទិវាកុមារពិភពលោកឆ្នាំ២០២៥ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍រត់ប្រណាំងនេះ មិនត្រឹមតែជាសកម្មភាពកីឡាដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា ការប្តេជ្ញាចិត្តយ៉ាងសកម្មដើម្បីលើកស្ទួយសិទ្ធិរបស់កុមារគ្រប់រូប នៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្រុមការងារនៃមហោស្រពសិល្បៈបុណ្យភូមិមានជើងឆ្នាំ២០២៥ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ឆ្នាំ ២០២៥ ជាឆ្នាំទី ៣ នៃមហោស្រពសិល្បៈបុណ្យភូមិមានជើង ហើយឆ្នាំនេះ កម្មវិធីនឹងធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដែលជាតំបន់ប្រាសាទ និងតំបន់ជិតជាយដែន នៅតាមតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ រួមមាន បរិវេណប្រាសាទកោះកេរ និង នៅឯវិទ្យាល័យជាស៊ីមត្បែងមានជ័យ។ កម្មវិធីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ ដែលត្រូវបានរៀបចំដោយ៖ ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ សហការរៀបចំដោយ៖ UNICEF Cambodia និង គាំទ្រដោយ៖ អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihear & រដ្ឋបាលខេត្តព្រះវិហារ។
ការរត់ចម្ងាយខ្លីនេះនឹងធ្វើឡើងនៅទីតាំងរមណីយដ្ឋាន ប្រាសាទកោះកេរ ចាប់ពីម៉ោង ៦ព្រឹក ដល់ ៩ព្រឹក ដែលនឹងរត់ក្នុងចម្ងាយ ៦គីឡូម៉ែត្រ។ អ្នកដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមតំណភ្ជាប់ https://forms.gle/vPkWNcaqkSAurqS16 ឱ្យបានត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ មហោស្រពសិល្បៈបុណ្យភូមិមានជើង បានរៀបចំឡើងទៅតាមទីតាំងផ្សេងៗក៏ពិតមែន ប៉ុន្តែមហោស្រពសិល្បៈមួយនេះ តែងផ្សារភ្ជាប់ទៅកាន់ប្រជាជននៅតាមតំបន់ តាមរយៈការបង្ហាញពីការរស់នៅ អរិយធម៌ និង វប្បធម៌នានា។ ដោយឡែក មហោស្រពសិល្បៈបុណ្យភូមិមានជើង ដែលនឹងរៀបចំនៅខេត្តព្រះវិហារ នេះដែរ នឹងដាក់បញ្ជូលកម្មវិធីថ្មីមួយ ដែលពុំដែលធ្លាប់មានពីមុនមកនោះ គឺការរត់ចម្ងាយខ្លី នៅជុំវិញប្រាសាទកោះកេរ រួមគ្នាដើម្បីសន្តិភាព និងសិទ្ធិកុមារ ក្នុងទិវាកុមារពិភពលោកឆ្នាំ ២០២៥ ដែល មហោស្រព សិល្បៈបុណ្យភូមិមានជើង បានរៀបចំសហការជាមួយនឹង UNICEF Cambodia៕