ភ្នំពេញ៖ ក្រសួងអប់រំ សហការជាមួយអង្គការយូណេស្កូ តាមរយៈកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (GPE5/STEPCam Phase II) ដែលផ្តល់ហិរញ្ញប្បទានដោយភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) រៀបចំសន្និសីទគ្រូបង្រៀនថ្នាក់ជាតិ ក្រោមប្រធានបទ "គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌" រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទីថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana Hotel) រាជធានីភ្នំពេញ។
យោងតាមគេហទំព័រក្រសួងអប់រំ ប្រធានបទសំខាន់ៗនៃកម្មវិធី«សន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥» រួមមាន៖ ១-ការអនុវត្តប្រកបដោយការច្នៃប្រឌិត, ២-ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន, ៣-ការអប់រំឌីជីថល, ៤-គោលនយោបាយ និងការអនុវត្ត, ៥-ស្ថានភាពនិងវិជ្ជាជីវៈគ្រូបង្រៀន, ៦-ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យា ប្រកបដោយក្រមសីលធម៌, ៧-ការសិក្សាបែបចម្រុះ, ៨-ការបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយបរិយាបន្ន និងសមធម៌បន្ថែមទៀត, ៩-ការអភិវឌ្ឍ និងការអប់រំប្រកបដោយចីរភាព, ១០-ការចូលរួមរបស់សហគមន៍ និងមាតាបិតា, ១១-ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចក្នុងការអប់រំ, ១២-និរន្តរភាពហិរញ្ញវត្ថុ និងការបែងចែកធនធាន, និង ១៣-ការសិក្សាពេញមួយជីវិត និងការអភិវឌ្ឍបំណិន។
បើតាមប្រភពដដែល «សន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥» ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការបង្រៀនដែលមានប្រសិទ្ធភាព និងកែលម្អគុណវុឌ្ឍិគ្រូបង្រៀន និងការគាំទ្រជាប្រព័ន្ធពេញមួយអាជីព។ កម្មវិធីនេះមានអ្នកចូលរួមដោយផ្ទាល់ ចំនួន ២០០នាក់ និងអ្នកចូលរួមចំនួន ៣០០-៥០០នាក់ ផ្សេងទៀតនឹងចូលរួមតាមប្រព័ន្ធអនឡាញ៕