ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តនិងអបអរសាទរចំពោះការសម្រេចបានជោគជ័យគួរជាទីមោទនៈក្នុងការលើកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣ ទសវត្សរ៍ កន្លងមកនេះ ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ តាមរយៈការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់«ស្រ្តី និងក្មេងស្រី»។
សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានលើកឡើងដូច្នេះ នៅក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា» ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
"សម្តេចតេជោ តែងតែយកចិត្តទុកដាក់ គាំទ្រ និងជំរុញការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ដោយបានពន្លឿនដំណើរឆ្ពោះទៅសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ និងជាប្រយោជន៍ពុំអាចកាត់ថ្លៃបានសម្រាប់«ស្រ្តី និងក្មេងស្រី»ដោយបានដាក់ចេញ និង អនុវត្តគោលនយោបាយសមភាពយេនឌ័រនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព តាមរយៈយុទ្ធសាស្ត្រចតុកោណ ទាំងបួនដំណាក់កាល ដែលបានកំណត់ «ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ» និងបានបង្កើនឱ្យមានវត្តមានស្រ្តីកាន់តែច្រើនឡើងៗ នៅក្នុងថ្នាក់ធ្វើសេចក្តីសម្រេចចិត្ត និងជាតំណាង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។"
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះ«ស្រ្តី គឺជាស្នូល»។ រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគ សំខាន់ៗលើសមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី ដែលក្នុងនោះមានវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការបង្កលក្ខណៈអំណោយផលដល់ស្រ្តីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តលើផែនការគ្រួសារ, ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ ទំនាក់ទំនងអន្តរជំនាន់។ សម្តេចធិបតី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»៕