Img 1426
Swift cc time

ប្រតិភូកាយរឹទិ្ធជាតិកម្ពុជាចំនួន៣៨នាក់ ទទួលបានការណែនាំត្រៀមខ្លួន មុនពេលចូលរួមការបោះជំរំកាយរឹទ្ធិជំទង់អន្តរជាតិសិង្ហបុរី

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ប្រតិភូកាយរឹទិ្ធជាតិកម្ពុជា ចំនួន ៣៨នាក់ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានមានឱកាសជួបសំណេះសំណាលជាមួយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ និងថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលការណែនាំ និងការត្រៀមខ្លួនបន្ថែម ពាក់ព័ន្ធនឹងដំណើរការនៃកម្មវិធីបោះជំរំកាយរឹទ្ធិអន្តរជាតិសិង្ហបុរី (Singapore International Jamboree 2025) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។

នាឱកាសនោះ លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានអបអរសាទរដល់ប្រតិភូកាយរឹទ្ធិជាតិកម្ពុជាទាំង៣៦នាក់ និងមេដឹកនាំកាយរិទ្ធិ២នាក់ ដែលមានឱកាសជាតំណាងឱ្យកាយរឹទ្ធិជាតិកម្ពុជា ចូលរួមក្នុងការបោះជំរំអន្តរជាតិសិង្ហបុរី ដែលជាកិត្តិយសដ៏ធំធេងមួយ។ ជាការណែនាំ ក្នុងពេលបំពេញបេសកកម្ម សូមប្រតិភូកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ត្រូវចងចាំជានិច្ចថា ខ្លួនគឺជាទូតសុឆន្ទៈរបស់ជាតិ រាល់សកម្មភាព ឥរិយាបថ និងការប្រាស្រ័យទាក់ទង គឺបង្ហាញពីវប្បធម៌ សុជីវធម៌ និងមុខមាត់របស់ប្រជាជនកម្ពុជាយើង ហើយត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសិក្សារៀនសូត្រ ផ្លាស់ប្ដូរបទពិសោធ និងពង្រីកចំណេះដឹងថ្មីៗពីមិត្តភក្ដិកាយរឹទ្ធិអន្តរជាតិ។

បន្ថែមពីនេះ នឹងមានការរៀបចំកិច្ចប្រជុំដោយឡែក ដើម្បីណែនាំប្រតិភូកាយរឹទ្ធិជាតិកម្ពុជា លម្អិតលើការត្រៀមខ្លួនបន្ថែម ពាក់ព័ន្ធនឹងដំណើរការនៃកម្មវិធី ការត្រៀមលក្ខណៈ និងសម្ភារៈចាំបាច់ និងសំខាន់បំផុត គឺសុវត្ថិភាពទាំងផ្នែកសុខភាព រាងកាយ និងស្មារតី។

គួរបញ្ជាក់ថា សមាគមកាយរឹទិ្ធសិង្ហបុរី (Singapore Scout Association – SSA) រៀបចំការបោះជំរំកាយរឹទ្ធិជំទង់ អន្តរជាតិសិង្ហបុរី(Singapore International Jamboree 2025) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីអបអរសាទរខួប ៦០ឆ្នាំ នៃឯករាជ្យជាតិសិង្ហបុរី និងប្រមូលផ្តុំកាយរឹទិ្ធមកពីក្នុងតំបន់ ធើ្វការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ផ្លាស់ប្តូរបទពិសោធ និងសិក្សារួមគ្នារវាងវប្បធម៌ចម្រុះ របស់ជាតិសាសន៍មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ តាមការរំពឹងទុកគណៈកម្មការរៀបចំជំរំ មានកាយរឹទិ្ធចូលរួមចំនួនប្រមាណ ១០០០នាក់ មកពីបណ្តាប្រទេស ជាសមាជិកតំបន់អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕


Khcct banner

អត្ថបទទាក់ទង