681 ezgif.com resize
Swift cc time

ព្រឹកនេះ សម្តេច ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខពលរដ្ឋខ្មែរ ៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃ នៅភូមិព្រៃចាន់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤វិច្ឆិកានេះ ចុះសួរសុខទុក្ខពលរដ្ឋខ្មែរ ៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃ នៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក។

សម្តេច ហ៊ុន ម៉ាណែត បានអរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចរបស់យើងដែលបានចាត់វិធានការលឿនរហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅទីនោះ ជាពិសេសអ្នករបួស ដោយជួយចាត់ចែងដឹកជញ្ជូនមកពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។

ព្រមជាមួយគ្នានេះ សម្តេចបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ធ្វើការវះកាត់ជួយសង្គ្រោះជីវិតបងប្អូនប្រជាជនខ្មែរស្លូតត្រង់របស់យើងទាំង៣រូប ប្រកបដោយជោគជ័យ និងសូមជូនពរដល់បងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយ និងរឹងមាំឡើងវិញ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចក៏សូមចូលរួមរំលែកទុក្ខសារជាថ្មីជូនដល់ក្រុមគ្រួសារសពប្អូនប្រុស ឌី ណៃ ដែលបានទទួលមរណ:ភាពនៅក្នុងឧប្បទ្ទវហេតុនៃការបាញ់ប្រហារនេះ និងសូមវិញាណក្ខន្ធលោក បានទៅកាន់សុខគតិភពកុំបីឃ្លាងឃ្លៀតឡើយ។

សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជានៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រោះថាការដោះស្រាយដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង