681 ezgif.com resize
Swift cc time

«មហោស្រពរូបថតភ្នំពេញ» នឹងវិលត្រលប់មកជាថ្មី ជាមួយការតាំងពិព័រណ៍ស្នាដៃប្រវត្តិសាស្ត្រ និងការច្នៃប្រឌិតបែបសហសម័យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏សំខាន់នៃរូបថតអាស៊ីអាគ្នេយ៍ មហោស្រពរូបថតភ្នំពេញ លើកទី១៦ នឹងប្រារព្ធឡើងចាប់ពី ថ្ងៃទី១៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំកណ្តាលរាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ២០២៥នេះ បានប្រមូលផ្តុំទាំងស្នាដៃប្រវត្តិសាស្ត្រ និងការច្នៃប្រឌិតបែបសហសម័យ ដោយផ្តល់នូវទស្សនវិស័យ ពេលវេលាដ៏វែងអន្លាយ ដែលនឹងនាំឱ្យមានការឆ្លុះបញ្ចាំងលើទំនាក់ទំនងរបស់រូបថតជាមួយនឹងអតីតកាល បច្ចុប្បន្ន និង អនាគត។ រវាងការចងចាំ និងការបង្កើត រវាងឯកសារ និងរឿងប្រឌិត រវាងការបញ្ជូនបន្ត និងការបង្កើតថ្មី។

មហោស្រពត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ តាមគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលវប្បធម៌បារាំង ដែលបច្ចុប្បន្នជា វិទ្យាស្ថានបារាំងនៅកម្ពុជា មហោស្រពរូបថតភ្នំពេញ នៅតែប្រកាន់ខ្ជាប់នូវស្មារតីនៃការផ្លាស់ប្តូរ និងការរកឃើញ ហើយបន្ត ដំណើររបស់ខ្លួននៅក្នុងឆ្នាំ២០២៥ ដោយបញ្ជាក់កាន់តែច្បាស់ថា ជាវេទិកាសម្រាប់ការសន្ទនារវាងអឺរ៉ុប និងអាស៊ី។ ព្រឹត្តិការណ៍ នេះត្រូវបានរៀបចំឡើងសម្រាប់ទាំងសិល្បករដែលទើបចាប់ផ្តើម និងសិល្បករដែលមានកេរ្តិ៍ឈ្មោះ ក៏ដូចជាសម្រាប់សាធារណជនទូទៅ។

មហោស្រពនេះក៏បម្រើជាទីតាំងដ៏សម្បូរបែបសម្រាប់ការពិភាក្សាអន្តរកម្មរវាងប្រភេទផ្សេងៗគ្នានៃរូបថត។ ក្នុងឆ្នាំ២០២៥នេះ បានប្រមូលផ្តុំទាំងស្នាដៃប្រវត្តិសាស្ត្រ និងការច្នៃប្រឌិតបែបសហសម័យ ដោយផ្តល់នូវទស្សនវិស័យ ពេលវេលាដ៏វែងអន្លាយ ដែលនឹងនាំឱ្យមានការឆ្លុះបញ្ចាំងលើទំនាក់ទំនងរបស់រូបថតជាមួយនឹងអតីតកាល បច្ចុប្បន្ន និង អនាគត។ រវាងការចងចាំ និងការបង្កើត រវាងឯកសារ និងរឿងប្រឌិត រវាងការបញ្ជូនបន្ត និងការបង្កើតថ្មី កម្មវិធីនេះបាន លើកឡើងនូវសំណួរសំខាន់ៗ៖ តើរូបភាពដែលបង្កើតមកឱ្យយើងមើលឃើញ និងចងចាំបានដោយរបៀបណា? តើរូបភាព អនុញ្ញាតឱ្យយើងបង្ហាញពិភពលោក និងធ្វើសកម្មភាពលើពិភពលោកនេះដោយរបៀបណា?

បណ្ណសាររបស់ មីស្យែលលីន ឌូយឡាំង បានផ្តល់ឲ្យឃើញផ្ទាល់អំពីទីក្រុងភ្នំពេញក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ ក្នុងនាមជាអ្នក ថតរូបផ្លូវការរបស់ ព្រះករុណាព្រះបាទ នរោត្តម សីហនុ ចាប់ពីឆ្នាំ១៩៥៨ ដល់ឆ្នាំ១៩៦៤ គាត់បានចងក្រងឯកសារកម្ពុជា និងគម្រោងសាងសង់ធំៗដូចជា ពហុកីឡដ្ឋានជាតិអូឡាំពិក របស់ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ និង ស្ពានជ្រោយចង្វារ។ ទិដ្ឋភាព ពីលើអាកាសរបស់គាត់បានបង្ហាញពីអគារដែលបានបាត់បង់ ដូចជាអគារប៊ូឌិញ(អគារស) ដែលជាអគារលំនៅឋានត្រូវបាន បោះបង់ចោលក្រោមរបបខ្មែរក្រហម។ ធ្វើការក្នុងវិជ្ជាជីវៈដែលមិនពេញនិយម សម្រាប់ស្រ្តីនៅសម័យកាលនោះការមើលឃើញ របស់គាត់បានពង្រីកលើសពីទីតាំងសំណង់រហូតទៅដល់ការរស់នៅ របស់ប្រជាជនក្នុងរាជធានីទៀតផង។ ការតាំងពិព័រណ៍នេះ នឹងត្រូវបានបង្ហាញនៅ សារមន្ទីរជាតិ ដែលជាកន្លែងរៀបចំ របស់មហោស្រពលើកដំបូង។

សមត្ថភាពរបស់រូបថតក្នុងការស្តារការចងចាំ និងរក្សាទុកជាទីបន្ទាល់ដ៏មានអត្ថន័យពិសេសនៅក្នុងឆ្នាំ២០២៥នេះ ដែលជាខួប នៃការរំលឹកដល់រយៈពេលដ៏ខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា៖ ការឡើងកាន់អំណាចរបស់ខ្មែរក្រហម បន្ទាប់ពីសង្គ្រាមស៊ីវិលបំផ្លិចបំផ្លាញអស់ជាច្រើនឆ្នាំ។ នារាត្រីនៃការចាក់បញ្ចាំងលើកដំបូងដែលឧទ្ទិសដល់រូបថតរបស់លោក រ៉ូលឡ័ង នឺវូ លោក ហ្វីលីប លោកប្លែនគីនស្សុប លោកស្រីជីគុរ៉ា យូការិ និង ស៊ីលវី ឡេហ្សេក នឹងអញ្ជើញដើម្បចាក់បញ្ចាំងស្នាដៃទីនៃការចងចាំ ទាក់ទងនឹង ព្រឹត្តិការណ៍ សោកនាដកម្មមួយនេះ។

ការរក្សាការចងចាំរបស់ប្រជាជនកម្ពុជា គឺជាអាទិភាពសម្រាប់លោក គឹម ហាក់ ដែលកើតនៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីការដួលរលំ នៃរបបខ្មែរក្រហមពីរឆ្នាំ។ ស៊េរីរូបថតរបស់គាត់ដែលមានចំណងជើងថា រស់រាន បានបង្ហាញ តាមបែបកំណាព្យ ផ្សារភ្ជាប់នូវវត្ថុធម្មតាៗ ដែលបានអមដំណើរមួយក្រុមគ្រួសារក្នុង អំឡុងពេលនិរទេសខ្លួនដែលបង្ខំ ដោយរបបប៉ុលពត។

ស្នាដៃនេះបានចងក្រងឯកសារអំពីជនភៀសខ្លួនខ្មែរខណៈពេលដែលសម្លឹងឆ្ពោះទៅអនាគតយ៉ាងមុតមាំ ស្នាដៃនេះត្រូវបានដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលបុប្ផាណា។ វាគឺជាលទ្ធផលនៃកិច្ចសហការបន្តជាមួយស្ថាប័នដែលតំណាងទីតាំងសម្រាប់រក្សាទុកនូវបណ្ណសារសោតទស្សន៍របស់ កម្ពុជា។

នៅតាមជញ្ជាំងខាងក្រៅនៃស្ថានទូតបារាំង ដែលជាទីតាំងមួយធ្លាប់ផ្តល់ទីជម្រកដល់មនុស្សរាប់រយនាក់ ក្នុងអំឡុងពេលនៃ ភាពវឹកវរ បន្ទាប់ពីរាជធានីភ្នំពេញត្រូវបានកាន់កាប់ដោយខ្មែរក្រហម ដែលនឹងត្រូវតាំងបង្ហាញស្នាដៃរបស់ លោកស្រី លេទីស្សា ឡឺ ហ្វួ នៅឆ្នាំនេះ។ គាត់គឺជាអ្នកថតរូបជនជាតិបារាំង ដែលរូបភាពរបស់គាត់តែងតែស្រដៀងទៅនឹងគំនូរ ដោយគាត់ស្វែងយល់ពីទំនាក់ទំនងរបស់ មនុស្សយើងជាមួយនឹងធម្មជាតិ និងការស្វែងរកសេរីភាពនឹងភាពស្រស់ស្អាត។ ការដំឡើងរូបភាពផ្ទាំង ជញ្ជាំងទ្រង់ទ្រាយធំរបស់ គាត់បានបន្ទរជាមួយនឹងកង្វល់អេកូឡូស៊ីក្នុងពេលបច្ចុប្បន្ននេះ។

បញ្ហាបរិស្ថានក៏ត្រូវបានលើកឡើងយ៉ាងលេចធ្លោនៅក្នុងស្នាដៃរបស់សិល្បការិនីជនជាតិស្វីស ឡោរ៉ង់ស៍ ប៊ុងវ៉ាង ផងដែរ។ វីដេអូ ដំឡើងរបស់គាត់ដែលមានចំណងជើងថា Aletsch Negative គឺជាដំណើរឯកសារ និងបទពិសោធន៍ដ៏គួរអោយចាប់ អារម្មណ៍នៅចំកណ្តាលនៃផ្ទាំងទឹកកកដ៏ធំបំផុតនៅក្នុងភ្នំអាល់ប៍ ដែលឥឡូវនេះត្រូវជួបប្រទះនូវហានិភ័យដោយសារការប្រែប្រួល អាកាសធាតុ។ វានឹងត្រូវបានបង្ហាញនៅឯវិចិត្រសាល សាលាស្ទូឌីយ៉ូ អុីមេចស៍ ផ្ទះរូបថត ដែលជាសាលាដំបូងនៅភ្នំពេញដែល ផ្តោតទាំងស្រុងលើរូបថត។ សាលានេះត្រូវ បានបើកកាលពីឆ្នាំ២០២៤ ដោយសមាគមរូបថតភ្នំពេញ ហើយឥឡូវនេះត្រូវបានស្វាគមន៍ ដល់សិស្សនិសិត្សខ្មែរប្រមាណ ម្ភៃនាក់ដែលស្រលាញ់ទៅលើការបង្កើតរូបភាព។

ការដាក់តាំងពិព័រណ៍គម្រោង Metis ស្វែងយល់ពីទំនាក់ទំនងរវាងមនុស្សជាតិ និងមហាសាគរ បានកើតចេញតាម ការអំពាវនាវ ផ្តួចផ្តើមនូវគម្រោងនេះដោយ មូលនិធិ Metis ដែលបង្កើតឡើងដោយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ មូលនិធិនេះបាន អញ្ជើញសិល្បករឱ្យផ្តល់ទស្សនៈដែលងាយរងគ្រោះ និងចូលរួមក្នុងសង្គមចំពោះបញ្ហាប្រឈម សំខាន់ៗដែលទាក់ទងនឹងការ អភិវឌ្ឍប្រកបដោយចីរភាព (ភាពក្រីក្រ អំពើហិង្សា ការការពារបរិស្ថាន និងផ្សេងៗទៀត)។ សម្រាប់គម្រោងកម្មវិធីមួយនេះ ផ្តោតលើការអភិរក្សមហាសមុទ្រ សិល្បករកម្ពុជាលោក ខៀវ កាណែល លោក ឃុន វណ្ណៈ និងលោក សុវណ្ណ ភីឡុង បានធ្វើការសហការជាមួយប្រជាជនដែលរស់នៅក្នុងចំណុចអាវឡាតាន់ដែលជាសហគមន៍ឆ្នេរសមុទ្រឯកោដែលមានប្រជាជនកំពុងរស់នៅដោយសុខដុមរមនាជាមួយសមុទ្រជាប់ឈូងសមុទ្រថៃ តាមបណ្តោយស្ពានឈើប្រវែងមួយគីឡូម៉ែត្រដែល ជារបៀបរស់នៅ កំពុងប្រឈមនឹងហានិភ័យ។

ក្នុងផ្នែកមួយនៃកិច្ចសហការលើកដំបូងជាមួយមហោស្រពរូបថតហាណូយយើងរីករាយក្នុងការបង្ហាញការតាំងពិព័រណ៍ដោយ អ្នកថតរូបឯកសារវៀតណាមលោកស្រី ហាន់ ហេ។ ស៊េរីរបស់គាត់មានចំណងជើងថា នៅទីនេះ ហាណូយ នឹងត្រូវបានដាក់តាំង បង្ហាញនៅលើជញ្ជាំងនៃវិទ្យាស្ថានបារាំងនៅកម្ពុជា ទល់មុខបណ្ណាល័យ ដែលជាសហការរៀបចំ នៃព្រឹត្តិការណ៍នេះ។ ក្នុងពេលដំណាលគ្នាស្នាដៃរបស់ អ្នកថតរូបកម្ពុជានឹងត្រូវបានបង្ហាញនៅទីក្រុងហាណូយក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៥។

ដូចសព្វមួយដង ការតាំងពិព័រណ៍ តន្ដ្រីនិងការចាក់បញ្ចាំង ជំនួបរវាងអ្នកថតរូប ការពិភាក្សាជាក្រុម ការបង្ហាញសៀវភៅ និង សិក្ខាសាលា នឹងប្រព្រឹត្តទៅនៅតាមទីតាំងសំខាន់ៗក្នុងទីក្រុង ដើម្បីចូលរួមអបអរសាទរភាពចម្រុះនៃទស្សនៈ សិល្បៈ ការជួបជុំសិល្បករអន្ដរជាតិ និងបង្ហាញពីភាពរស់រវើកនៃរូបថតនៅក្នុងតំបន់។


Khcct banner

អត្ថបទទាក់ទង