ភ្នំពេញ៖ ហៃណានផ្តល់អាហារូបករណ៍ ៥០ កន្លែង/ឆ្នាំ ដល់កម្ពុជា រយៈពេល ៥ ឆ្នាំ និង ឯកភាពលើការបណ្តុះបណ្តាលបច្ចេកទេសរួមគ្នា ដើម្បីបើកវគ្គបណ្ដុះបណ្ដាលជំនាញនានាដើម្បីឆ្លើយតបនឹងតម្រូវទីផ្សារការងារ និងឧស្សហកម្មនៅកម្ពុជាបច្ចុប្បន្ន និងអនាគត។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រវាង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជាមួយគណៈប្រតិភូចិនហៃណាន ដឹកនាំដោយ លោកស្រី អ៊ីន លិព័រ។
យោងតាមគេហទំព័រក្រសួងអប់រំ លទ្ធផលសំខាន់ៗដែលបានលេចឡើងពីជំនួបនេះរួមមាន៖ ភាគីចិនបានសម្រេចផ្តល់ជូននូវ អាហារូបករណ៍ចំនួន ៥០កន្លែងក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដល់សិស្សនិស្សិតកម្ពុជាទៅសិក្សានៅខេត្តហៃណាន ដើម្បីជាសក្ខីភាពនៃការប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរ។
តាមរយៈការជួបពិភាក្សានេះ ហែណាន មានបំណងក្នុងការសហការឱ្យមានការបណ្តុះបណ្តាលរួមគ្នាលើជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ អមជាមួយកម្មវិធីបង្រៀនភាសាចិនឯកទេស ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ កិច្ចសហការនេះធ្វើឡើង ដើម្បីជំរុញកម្មវិធីផ្លាស់ប្តូរបទពិសោធ ការស្រាវជ្រាវរួមគ្នា និងពង្រឹងកិច្ចសហការជាមួយសាកលវិទ្យាល័យ ក៏ដូចជាវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងជំនាញវិជ្ជាជីវៈនៅកម្ពុជា ដើម្បីបើកវគ្គបណ្ដុះបណ្ដាលជំនាញនានាដើម្បីឆ្លើយតបនឹងតម្រូវទីផ្សារការងារ និងឧស្សហកម្មនៅកម្ពុជាបច្ចុប្បន្ន និងអនាគត។
បន្ថែមពីនេះ លោកស្រី អ៊ីន លិព័រ បានសម្តែងក្តីសង្ឃឹមក្នុងការបើកឱកាសផ្សារភ្ជាប់កិច្ចសហប្រតិបត្តិលើវិស័យជាច្រើនទៀត ជាពិសេសលើវិស័យអប់រំ ការបណ្ដុះបណ្ដាលជំនាញកសិកម្មត្រូពិច ការផ្លាស់ប្តូរបទពិសោធ និងការពង្រឹងកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។ ក្នុងនោះផងដែរ ក្រសួងអប់រំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់អាហារូបករណ៍ និងបានបញ្ជាក់ការគាំទ្រនូវរាល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការដែលចូលរួមលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍនៅកម្ពុជា៕