681 ezgif.com resize
Swift cc time

យុវជនមួយក្រុម រៀបចំកម្មវិធីសប្បុរសធម៌«រួមគ្នាដើម្បីកុមារ» ទៅកាន់កុមារជាង៤០០នាក់ នៅសាលាចំនួន២ នៅខេត្តកំពង់ស្ពឺ និងខេត្តកំពត

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនមួយក្រុមរៀបចំកម្មវិធីសប្បុរសធម៌«រួមគ្នាដើម្បីកុមារ» ដល់សិស្សានុសិស្សសាលាបឋមសិក្សាចំនួន ២ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពត នៅថ្ងៃទី១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកទឹកចិត្តនិងលើកកម្ពស់កុមារក្នុងវិស័យអប់រំ ដោយបរិច្ចាគសម្ភារសិក្សា និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៅកាន់សិស្សនិងនៅសាលាបឋមសិក្សាដែលមានបញ្ហាខ្វះខាតឱ្យទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់។

គោលដៅចម្បងនៃក្រុមយុវជនមូលនិធិនេះ គឺដើម្បីចូលរួមចំណែកក្នុងការជួយដល់កុមារដែលកំពុងជួបប្រទះជីវភាពខ្វះខាតនៅតំបន់ដាច់ស្រយោល ដោយការផ្តល់ជំនួយផ្នែកអប់រំ ផ្សព្វផ្សាយនូវភាពវិជ្ជមាន និងលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំបន្តសិក្សារៀនសូត្រ ជាពិសេសការដែលមិនបោះបង់ការសិក្សាទៅថ្ងៃអនាគត ពីព្រោះយុវជនក្រុមនេះ ជឿជាក់ថា កុមារគឺជា អនាគតនៃកម្ពុជា ហើយប្រទេសជាតិនេះរីកចម្រើនទៅបានលុះត្រាតែមានយុវជនពេញលេញដែលមានចំណេះ ជំនាញ កាយរឹងមាំ ជាពិសេសគុណធម៌ក្នុងជិវិត។

កម្មវិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១ ទី២ ខែ វិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនេះ នៅសាលាបឋមសិក្សាចំនួនពីរ ក្នុងខេត្តពីរផ្សេងគ្នា ដោយមានការសហការគ្នារវាងនិស្សិតចំនួន៥១រូប ។ ជាលទ្ធផល គម្រោងនេះបានជះផលវិជ្ជមានចំពោះសិស្សសរុបប្រមាណ ២៨៨ នាក់នៃសាលាបឋមសិក្សាកន្ទួត ដែលស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងសិស្សចំនួន ៩៤ នៅសាលាបឋមសិក្សា រ័ត្នស៊ីវត្ថាបឹងតារោង ស្ថិតនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។

យុវជន មាស ណារ៉ា សហប្រធានគ្រប់គ្រងនៃគម្រោងនេះ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមយុវជនដែលបានផ្តួចផ្តើមមូលនិធិ «រួមគ្នាដើម្បីកុមារ » បានចុះទៅមើលទិដ្ឋភាពជាក់ស្ដែង នៅសាលាបឋមសិក្សា កន្ទួត បានឃើញពីកង្វះខាតក្នុងថ្នាក់រៀន ប្រព័ន្ធទឹកស្អាត បណ្ណាល័យសម្រាប់ប្អូនៗសិស្សានុសិស្ស ដូចនេះ យុវជនក្រុមនេះ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើការបរិច្ចាគជា សម្ភារៈសិក្សា សម្ភារៈក្នុងថ្នាក់រៀន សម្ភារៈសង្រ្គោះបឋម និងម៉ាស៊ីនទឹកចម្រុះរួមជាមួយសម្ភារៈប្រើប្រាស់ជាច្រើនទៀតដល់កុមារាកុមារីខ្វះខាតចំនួន ២៨៨ នាក់នៃសាលាបឋមសិក្សាកន្ទួត។ ណារ៉ា ជឿជាក់ថា ការដែលជួយទៅកាន់កុមារនេះឯងគឺជា វិនិយោគគ្រាប់ពេជ្រនៃ កម្ពុជាឱ្យកាន់តែមានពន្លឺឆ្ពោះទៅរកវិវឌ្ឍនភាពនៃប្រទេសជាតិ។

យុវនារី ហេង សូផាលីនណា សហប្រធានគ្រប់គ្រងប្រធាននៃគម្រោងនេះដូចគ្នា ក៏បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមយុវជន «រួមគ្នាដើម្បីកុមារ» ក៏បានចុះទៅដល់ទីតាំងសាលាបឋមសិក្សា រ័ត្នស៊ីវត្ថាបឹងតារោង និងនាំទៅជាមួយសម្ភារៈសិក្សា សៀវភៅអំណាន សៀវភៅសរសេរ ប៊ិក ខ្មៅដៃ ក្តារខៀន ហ្វឺត ជាមួយអាហារសម្រន់ ទឹកបរិសុទ្ធជូនដល់គ្រប់សិស្សានុសិស្ស ដើម្បីជាជំនួយតាមដែលអាចធ្វើទៅបាន ព្រោះយុវនារីរូបនេះបានជឿជាក់ថា ការជួយតិចក្ដី ច្រើនក្ដី សុទ្ធតែជាជំនួយដែលអាចសម្រួលការសិក្សានិងការរស់នៅដល់កុមារនៅតាមទីជនបទដែលខ្វះខាត។

មូលនិធិ « រួមគ្នាដើម្បីកុមារ» គឺជាមូលនិធិសប្បុរសធម៌ដែលបង្កើតឡើងដោយនិស្សិតឆ្នាំទី១ នៃ Group F ដែលមានចំនួន ៥១ នាក់មកពីCamed Business School បានរួបរួមគ្នារៀបចំកម្មវិធីសប្បុរសធម៌ក្នុងគោលបំណងលើកទឹកចិត្តនិងលើកកម្ពស់កុមារក្នុងវិស័យអប់រំ ដោយបរិច្ចាគសម្ភារសិក្សា និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៅកាន់សិស្សនិងនៅសាលាបឋមសិក្សាដែលស្ថិតនៅតាមទីជនបទដែលមានបញ្ហាខ្វះខាតឲទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់៕


Khcct banner

អត្ថបទទាក់ទង