ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ផ្តើមដំណើររៀបចំកម្មវិធី«វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា» ហៅកាត់ថា កាហ្វេ២៥ (CAFE25) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដើម្បីបង្ហាញសក្តានុពលដ៏សម្បូរបែបនៃកសិកម្មកម្ពុជា ពិសេសចង់ជំរុញឱ្យកសិករបានយល់ដឹងអំពីសក្តានុពលនៃផលិតផលកសិកម្ម និងជាឱកាសផ្គូរផ្គងកសិករ និងដៃគូពាណិជ្ជកម្ម។កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានលើកឡើងថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) នឹងផ្សារភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត ចាប់យកឱកាសថ្មីៗ សម្រាប់ការធ្វើពាណិជ្ជកម្មនិងវិនិយោគ នៅក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា ជាពិសេសជួយឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម កាន់តែមានភាពរីកចម្រើន ។ លោកបណ្ឌិតបន្តថា បច្ចុប្បន្ននេះវិស័យកសិកម្មកម្ពុជា បានឈានមកដល់ដំណាក់កាលថ្មី ដែលផលិតកម្មកសិកម្មបន្តកើនឡើងឥតឈប់ឈរ ។ ទន្ទឹមនឹងនេះ ឈរលើមូលដ្ឋានផលិតកម្មដ៏រឹងមាំ កម្ពុជាមានសក្ដានុពលខ្ពស់ ក្នុងការប្រែក្លាយជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារកសិកម្មពិភពលោក ជាពិសេសការផ្គត់ផ្គង់ផលិតផលកែច្នៃ ។
លោកបណ្ឌិត បានបន្ថែទៀតថា ដើម្បីសម្រេចគោលដៅនេះ ទាមទារឱ្យមានប្រព័ន្ធអេកូឡូស៊ីគ្រប់ជ្រុងជ្រោយមួយ និងប្រទាក់ក្រឡាគ្នា ការវិនិយោគក្នុងស្រុក ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ការផ្សារភ្ជាប់កសិករជាមួយទីផ្សារ បច្ចេកវិទ្យានិងនវានុវត្តន៍ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងចំណេះដឹងជាដើម ។
គួរបញ្ជាក់ថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ មានមានស្តង់ចំនួនប្រមាណ ៤០០ស្តង់ ដែលដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងចក្រកសិកម្មទំនើបៗ បច្ចេកវិទ្យាដ្រូនកសិកម្មបច្ចេកវិទ្យាកែច្នៃ ធាតុចូលកសិកម្ម និងសេវាកម្មផ្សេងៗ។ ម្ចាស់អាជីវកម្មកសិកម្ម អ្នកវិនិយោគ និងកសិករ នឹងត្រូវបានផ្សាភ្ជាប់គ្នាតាមរយៈកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ការសាកល្បង និងទទួលបទពិសោធន៍ផ្ទាល់ជាមួយបច្ចេកវិទ្យាកសិកម្មទំនើបៗ និងចូលរួមសិក្ខាសាលាអប់រំដែលរៀបចំឡើងសម្រាប់ចែករំលែកចំណេះដឹង និងបង្កើនជំនាញ៕