ភ្នំពេញ៖ យុវជនមួយក្រុមរៀបចំកម្មវិធី “Madein Kh” នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដើម្បីជម្រុញការគាំទ្រ «ផលិតផលក្នុងស្រុក» បណុះស្មារតីស្នេហាជាតិ ការងាកមកប្រើផលិតផលក្នុងស្រុក និងការចែករំលែកបទពិសោធន៍ពីក្រោយអាជីវកម្មជោគជ័យនៃផលិតផលក្នុងស្រុក ក្រោមវត្តមានរបស់វាគ្មិនកិត្តិយសចំនួនពីររូប រួមមាន លោកស្រី នុត សម្ផស្ស និង លោក យ៉ាន កែវសុភគ្គ។
កម្មវិធីនឹងរៀបចំឡើងនាវេលាម៉ោង ១ ដល់ ម៉ោង ៥:៣០ នៅវិទ្យាស្ថានខេមអេដ ក្នុងគោលបំណងក្នុងការជម្រុញការគាំទ្រផលិតផលក្នុងស្រុក ការបណុះស្មារតីស្នេហាជាតិ ការងាកមកប្រើផលិតផលក្នុងស្រុក និងការចែករំលែកបទពិសោធន៍ពីក្រោយអាជីវកម្មជោគជ័យនៃផលិតផលក្នុងស្រុកពីវាគ្មិនកិត្តិយស។ យុវជនទាំង៣១រូប ដែលជាអ្នករៀបចំកម្មវិធី បានយល់ឃើញថា ការគាំទ្រនេះនឹងធ្វើឱ្យអាជីវករខ្មែរមានឱកាសក្នុងការផ្សព្វផ្សាយ អាចឈរជើងក្នុងទីផ្សារបាន និងប្រកួតប្រជែងជាមួយផលិតផលអន្តរជាតិបាននាពេលខាងមុខ។ វេទិកាមួយនេះនឹងជម្រុញឱ្យអ្នកចូលរួមបណ្តុះនូវគំនិតក្នុងការបើកអាជីវកម្មផ្ទាល់ខ្លួន។
នៅក្នុងកម្មវិធីចែករំលែកនេះ លោកស្រី នុត សម្ផស្ស ជាម្ចាស់អាជីវកម្មផលិតផលសាប៊ូ នឹងចែករំលែកក្រោមប្រធានបទ: ពីផលិតផលក្នុងស្រុក ទៅកាន់ទីផ្សារអន្តរជាតិ៖ ការបង្កើតថ្មីដោយភាពច្នៃប្រឌិត និងរក្សាបាននូវអត្តសញ្ញាណជាតិ។ ចំណែកឯ លោក យ៉ាន កែវសុភគ្គ ជាតំណាងមកពីអាជីវកម្មម្រេច នឹងចែករំលែកក្រោមប្រធានបទ: ដំណើរការនៃការកសាងម៉ាកយីហោក្នុងស្រុក៖ ការលើកស្ទួយអត្តសញ្ញាណវប្បធម៌ក្នុងទីផ្សារសព្វថ្ងៃ។
យុវជនរៀបចំកម្មវិធី ដែលជានិស្សិតឆ្នាំទី២ ក្រុមG1និងE1 នៃវិទ្យាស្ថានខេមអេដ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «យើងខ្ញុំនឹងសង្ឃឹមថាកម្មវិធីនេះ អាចជួយលើកស្ទួយនិងជម្រុញការប្រើប្រាស់ផលិតផលជាតិ និងបណ្តុះស្មារតីស្នេហាជាតិ និងអាចដើរតួជាវេទិកាដែលអាចបណ្តុះបណ្តាលនិងជម្រុញឱ្យយុវជនខ្មែរបញ្ចេញសក្តានុពលក្នុងការប្រកបអាជីវកម្មដើម្បីប្រកួតប្រជែងជាមួយផលិតផលផ្សេងៗនៅក្រៅប្រទេស។»។
គួរបញ្ជាក់ថា ដើម្បីអាចចូលរួម អ្នកចូលរួមតម្រូវឱ្យចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/Z5KNt2Uds2EMdxPg9៕