ភ្នំពេញ៖ សាលសិល្បៈ The Last Stage នៃសាលាសិល្បៈសម្ដែង (AAA) នឹងនាំយកមកវិញនូវទស្សយនីយភាពល្ខោនសម័យ «ដារ៉ូ ហ្ស៊ូគោ» ដែលកែសម្រួលពីល្ខោនដ៏ល្បីល្បាញ រឿង «ROBERTO ZUCCO» របស់អ្នកនិពន្ធបារាំង លោក KOLTÈS Bernard-Marie នៅពាក់កណ្ដាលខែវិច្ឆិកា ខាងមុខនេះ។ ការសម្តែងនេះ គ្រោងបើករៀងរាល់ចុងសប្ដាហ៍ ចាប់ពីថ្ងៃទី ១៥-៣០ ខែវិច្ឆិកា ល្ខោនសម័យ «ដារ៉ូ ហ្ស៊ូគោ» ស្ដែងពីបុរសវ័យក្មេងម្នាក់ដែលរត់គេចពីការតាមចាប់ខ្លួនក្នុងទីក្រុងមួយដែលសម្បូរទៅដោយមនុស្សប្លែកមុខ ហើយបានជួបក្មេងស្រីម្នាក់ដែលចង់ «សង្គ្រោះព្រលឹងគាត់» ដោយអ្នកទាំង២បានលង់ស្រឡាញ់គ្នាក្នុងឧបសគ្គរារាំងជាច្រើន ប្រៀបដូចគូកម្ម។
លោក KB Saadi អ្នកដឹកនាំ និងជាស្ថាបនិកនៃសាលាសិល្បៈសម្ដែង បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ដារ៉ូ ហ្ស៊ូគោ បង្ហាញពីចំណងទំនាក់ទំនងដ៏ប្រទាក់ក្រឡានៃតួអង្គ ដែលនោះបង្ហាញពីភាពជាមនុស្សរបស់ពួកគេ។ យើងយកវាមកសម្ដែងជាថ្មីជាទស្សនីយភាពនៅលើឆាកនាពេលខាងមុខនេះ គឺផ្នែកមួយនៃការឆ្លុះបញ្ជាំងពីសាច់រឿងតាមរយៈបេសកកម្មសិល្បៈសម្ដែងរបស់យើង ដែលមានការគាំទ្រកុះករនាពេលកន្លងមក»។
នេះជាលើកទី ២ ហើយ ដែលសាលាសិល្បៈសម្ដែងបង្ហាញរឿង «ដារ៉ូ ហ្ស៊ូគោ» ដោយកាលពីលើកមុន ធ្វើឡើងនៅដើមឆ្នាំ ២០២៣ នៅវិទ្យាស្ថានភាសាបារាំង (IFC) ហើយលើកនេះ នឹងធ្វើឡើងនៅ Factory Phnom Penh។ អ្វីដែលពិសេសសម្រាប់ការសម្ដែងលើកនេះនោះគឺថា លោក KB Saadi ដែលជាអ្នកដឹកនាំ បានកែសម្រួលនូវកំណែថ្មីដោយបញ្ចូលនូវលក្ខខណ្ឌពិសេសៗច្រើនយ៉ាងរួមទាំងការរៀបចំឆាក ការប្រើប្រាស់សម្លេង និងទស្សនាទានដ៏ប្លែកភ្នែក គឺការថតកាម៉េរាដោយផ្ទាល់ (Live Camera)។
ចំណុចមួយដ៏សំខាន់ក្នុងទស្សនិយភាព «ដារ៉ូ ហ្ស៊ូគោ» នាពេលនេះ គឺការសម្ដែងរបស់តួអង្គនីមួយៗ ដែលឆ្លងកាត់ដំណើរការ និងការហាត់សម យ៉ាងតឹងរឹងជារៀងរាល់ថ្ងៃ។ លោក KB Saadi បាននិយាយថា៖ «ការដឹកនាំការហាត់សម គឺជាដំណើរការដ៏លំបាក ចំពេលដែលតួសម្ដែងត្រូវចំណាយទាំងកម្លាំងកាយ និងចិត្ត ដើម្បីឱ្យតួសណ្ឋិតក្នុងខ្លួន ដែលស្របតាមការចង់បានទៅតាមឈុតឆាកនីមួយៗ»។
លោកបានបន្តថា៖ «នោះហើយជាផ្នែកមួយនៃការសម្ដែង។ ខណៈសិល្បៈផ្សារភ្ជាប់ទំនាក់ទំនង និងអាចកែប្រែការយល់ឃើញរបស់ទស្សនិកជន វាមិនមែនជាអ្វីដែលស្រួលនោះទេសម្រាប់តួសម្ដែង ដែលត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីបុព្វហេតុសិល្បៈ និងបំពេញចំណីភ្នែករបស់អ្នកមើល»។
ជាតួសម្ដែងឯកស្រីម្នាក់ នាង ហ៊ុន ជីលិសារ ដែលបានអានសាច់រឿងកាលពី ១ ឆ្នាំមុន ពោលគឺពេលចូលហ្វឹកហាត់នៅសាលាសិល្បៈសម្ដែងថ្មីថ្មោង បាននិយាយថា ដារ៉ូ ហ្ស៊ូគោ ពិតជាមានអត្ថន័យណាស់សម្រាប់នាង ដោយតួអង្គក្នុងល្ខោនសម័យមួយនេះ បានណែនាំខ្លួនទៅកាន់ «អ្វីជាការសម្ដែង»។
ជីលិសារ និយាយយ៉ាងដូច្នេះថា៖ «ឆ្លងកាត់ដំណើរការបង្កើតតួជាង ១ ឆ្នាំរួចមក តួអង្គរបស់ខ្ញុំនៅក្នុង ដារ៉ូ ហ្ស៊ូគោ ប្រៀបដូចជាមគ្គុទេសន៍ផ្នែកសម្ដែងរបស់ខ្ញុំ»។ ជីលិសារ បន្តថា ដំណើរការបង្កើត ឬចូលតួ មានភាពតឹងតែងណាស់សម្រាប់ខ្លួន ដោយសារតែភាពខុសគ្នាដាច់នៃអត្តចរិករបស់តួអង្គ និងខ្លួនឯងផ្ទាល់ ដែលធ្វើឱ្យនាងពិបាកស្វែងយល់ពីការសម្រេចចិត្តណាមួយរបស់តួអង្គណាស់។ បែបនេះ ទាមទារឱ្យមានការហាត់សមឥតឈប់ឈរដ៏ស្វិតស្វាញជាច្រើនម៉ោងក្នុង១ថ្ងៃៗ។
នាងសង្ឈឹមថា ការសម្ដែងរបស់នាង នឹងធ្វើឱ្យទស្សនិកជនមើលឃើញពីភាពស្មុគស្មាញរបស់តួអង្គ ដែលឆ្លុះបញ្ជាំងពីភាពស្មុកស្មាញរបស់មនុស្សជាតិ។
ស្រដៀងនឹង ជីលិសារ ដែរ លោក ជូ គុយឆាយ ដែលជាតួអង្គប្រុសម្នាក់ក្នុង ដារ៉ូ ហ្ស៊ូគោ និងជាសិស្សច្បងម្នាក់នៅសាលាសិល្បៈសម្ដែង បាននិយាយថា «ដារ៉ូ ហ្ស៊ូគោ» គឺជាល្ខោនសម័យដំបូង ដែលលោកដើរតួមួយរឿងពេញជាមួយសាលាសិល្បៈសម្ដែងកាលពីជិត ៣ ឆ្នាំមុន ហើយការយកវាមកសម្ដែងជាថ្មីនៅពេលនេះ ធ្វើឱ្យលោកមានអារម្មណ៍ដូចជា «ដូចមានការអភិវឌ្ឍន៍ទៅមុខ ទាំងចំពោះខ្លួនឯង និងសាច់រឿង»។
លោក គុយឆាយ បាននិយាយយ៉ាងដូច្នេះថា៖ «ដារ៉ូ ហ្ស៊ូគោ(តួអង្គ) ជាតួអង្គបែបអរូបិយខ្លាំង ហើយវឌ្ឍនភាព និងការដួលរលំនៃតួអង្គនេះ វាស្មុគស្មាញមិនសាមញ្ញនោះទេ ព្រោះវាបង្ហាញពី ភាពចលចលបែបកំណាព្យ និងអាថ៍កំបាំងហើយវាពិតជាលំបាកក្នុងការសិក្សាអំពីតួ ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ខ្លាំងសម្រាប់ខ្ញុំ»។
លោក ឆាយ បានបន្ថែមថា ដំណើរការបង្កើត/ចូលតួសម្រាប់លោកគឺមានភាពប្រឈមមុខជាមួយតួខ្លាំងក្នុងន័យសិក្សា និងលំបាក ដោយសារតែភាពស្មុគស្មាញនៃតួអង្គ តែវាក៏បានបង្រៀនឱ្យលោកយល់ពីភាពស្មុគស្មាញរបស់មនុស្សផងដែរនោះ។
លោក ឆាយ រំពឹងថា ទស្សនិកនឹងយល់ឃើញពីសាច់រឿង ដារ៉ូ ហ៊្សូគោ តាមរបៀបរៀងៗខ្លួន ហើយជំរុញការគាំទ្រការសម្ដែងសិល្បៈនេះ ដើម្បីជាផ្នែកមួយនៃការគាំទ្រសរសៃឈាមទ្រទ្រង់សាលាសិល្បៈសម្ដែង ដែលជា «សាលាមិនរកកម្រៃ ប៉ុន្តែដើម្បីបណ្ដុះបណ្ដាលសិស្សសម្ដែងក្នុងស្រុក»។
គួរគូសបញ្ជាក់ថា ដារ៉ូ ហ្ស៊ូគោ នឹងរៀបចំឡើងជារៀងរាល់ចុងសប្ដាហ៍ (សៅរ៍-អាទិត្យ) ចន្លោះពីថ្ងៃទី ១៥-៣០ វិច្ឆិកា ខាងមុខ នៅ Factory Phnom Penh ដែលជាទីទាំងទី២ របស់ សាលសិល្បៈ The Last Stage នៃសាលាសិល្បៈសម្ដែង។