681 ezgif.com resize
Swift cc time

អូស្ត្រាលី ផ្តល់ជូនវគ្គសិក្សាខ្លីចំនួន២ សម្រាប់អ្នកជំនាញវ័យក្មេងមកពីអាស៊ីអាគ្នេយ៍ នៅក្នុងវិស័យស្ទែម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបើកទទួលពាក្យស្នើសុំសម្រាប់វគ្គសិក្សាខ្លីរបស់មជ្ឈមណ្ឌលអាស៊ាន-អូស្ត្រាលី រួមមាន «ការផ្លាស់ប្តូរឌីជីថលអាស៊ាន»និង«កសិកម្មឆ្លាតវៃប្រកបដោយភាពធន់នឹងអាកាសធាតុ និងសន្តិសុខស្បៀងនៅអាស៊ាន និងអូស្ត្រាលី»។ វគ្គសិក្សាខ្លីនេះធ្វើឡើង មានគោលបំណងបង្កើនសមត្ថភាពបច្ចេកទេស និងជំនាញវិជ្ជាជីវៈសម្រាប់អ្នកជំនាញវ័យក្មេងមកពីអាស៊ីអាគ្នេយ៍ នៅក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងធនធានធម្មជាតិ។

យោងតាមគេហទំព័រផ្លូវការនៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានឱ្យដឹងថា វគ្គសិក្សានេះរួមមាន «ការផ្លាស់ប្តូរឌីជីថលអាស៊ាន»និង«កសិកម្មឆ្លាតវៃប្រកបដោយភាពធន់នឹងអាកាសធាតុ និងសន្តិសុខស្បៀងនៅអាស៊ាន និងអូស្ត្រាលី»។ គោលដៅនៃកម្មវិធីភាពជាអ្នកដឹកនាំទាំងនេះ គឺដើម្បីកសាងបណ្តាញអ្នកដឹកនាំអាស៊ាននាពេលអនាគត ជាមួយនឹងទំនាក់ទំនងដ៏រឹងមាំជាមួយប្រទេសអូស្ត្រាលី ដែលនឹងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងតំបន់។

បើតាមប្រភពដដែល វគ្គសិក្សា “ការផ្លាស់ប្តូរឌីជីថលអាស៊ាន នឹងផ្តោតទៅលើការរកតុល្យភាពរវាងការច្នៃប្រឌិត សុចរិតភាព និងការរួមបញ្ចូល” នឹងពង្រឹងសមត្ថភាពរបស់អ្នកចូលរួម ដើម្បីដឹកនាំការផ្លាស់ប្តូរឌីជីថល ដោយយល់ដឹងអំពីឱកាស និងហានិភ័យ ដោយផ្តោតលើ AI ឥទ្ធិពលក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងសុខុមាលភាពយុវជន។ វគ្គសិក្សានេះបើកទទួលសម្រាប់អ្នកជំនាញស្ត្រីអ្នកអាជីពដំបូង និងពាក់កណ្តាល មកពីអាស៊ាន និងអូស្ត្រាលី។ ចំណែកឯ វគ្គសិក្សា “កសិកម្មឆ្លាតវៃប្រកបដោយភាពធន់នឹងអាកាសធាតុ និងសន្តិសុខស្បៀងនៅអាស៊ាន និងអូស្ត្រាលី” នឹងជួយអ្នកចូលរួមក្នុងការរៀបចំ អនុវត្ត និងផ្សព្វផ្សាយប្រព័ន្ធកសិកម្មឆ្លាតវៃដែលមានសុវត្ថិភាពជីវសាស្ត្រ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។ វគ្គសិក្សានេះបើកទទួលសម្រាប់អ្នកអាជីពដំបូង និងពាក់កណ្តាល ពីអាស៊ាន និងអូស្ត្រាលី ដែលធ្វើការនៅក្នុងវិស័យកសិកម្ម ឬសន្តិសុខស្បៀង។

ស្ថានទូតបានគូសបញ្ជាក់ថា វគ្គសិក្សាទាំងពីរនឹងប្រព្រឹត្តទៅរយៈពេល ១២ សប្តាហ៍ ក្នុងពាក់កណ្តាលដំបូងនៃឆ្នាំ ២០២៦ តាមរយៈការរៀនបែបបញ្ជូលគ្នារវាងអនឡាញ និងកម្មវិធីសិក្សារយៈពេលមួយសប្តាហ៍នៅប្រទេសអូស្ត្រាលី។ សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់តំណភ្ជាប់៖https://www.aseanaustraliacentre.org.au/.../short-courses... ហើយបំពេញពាក្យឱ្យបានត្រឹមថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥៕

Khcct banner

អត្ថបទទាក់ទង