Yearendyearend1140x150

លោក ស៊ុន ចាន់ថុលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យគម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែនៅសៀមរាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

សៀមរាប៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សា អំពីយន្តការបច្ចេកទេសត្រួតពិនិត្យ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ។

ដើម្បីធានាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមស្តង់ដារបច្ចេកទេស គណៈកម្មការអន្តរក្រសួង បានបង្កើត ក្រុមការងារបច្ចេកទេសចម្រុះ ចំនួន៩ក្រុម មានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរៀបចំដែននគរូបនីយកម្ម និង សំណង់ ដើម្បីត្រួតពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ។

ក្រុមការងារបច្ចេកទេសចម្រុះ ចំនួន៩ក្រុម រួមមាន ទី១ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន១៣ខ្សែអនុវត្ត ដោយកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់។ ទី២ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៨ ខ្សែ អនុវត្តដោយកងវិស្វកម្ម តេជោហ៊ុន សែន ខេត្តសៀមរាប។ទី៣ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៦ខ្សែ អនុវត្តដោយកងវិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប។

ទី៤ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់។ ទី៥ ក្រុមការងារត្រួតពិនិត្យតាមដាន គម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ។ ទី៦ ក្រុមការងារត្រួតពិនិត្យ តាមដានគម្រោងសាងសង់ផ្លូវចំនួន២ខ្សែ អនុវត្តមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។ ទី៧ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបណ្ដាញលូទឹកភ្លៀងនិងលូទឹកកខ្វក់មិនស្ថិតនៅក្រោម ខ្សែផ្លូវទាំង៣៨ខ្សែ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។

ទី៨ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបំពាក់សម្ភារ កាមេរ៉ាសុវត្ថិភាព អំពូលភ្លើងបំភ្លឺផ្លូវ បរិក្ខារភ្លើងសញ្ញាចរាចរណ៍ និងការដាំ ដើមឈើ អនុវត្តដោយអគ្គនាយកដ្ឋានសាធារណការ ។ និងទី៩ក្រុមការងារសិក្សានគរូបនីយកម្មផ្លូវ គូរប្លង់ ស្ថាបត្យកម្មផ្លូវ លម្ហសាធារណៈ និងរចនាកម្មវត្ថុស្ថាបត្យកម្មនានាដែលទាក់ទងនឹងគម្រោង។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុងសៀមរាបចំនួន ៣៨ខ្សែនេះ នឹងមានរៀបចំបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់បញ្ចៀសការជន់លិចទីក្រុង រៀបខឿនចិញ្ចើមផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ព្រមទាំងបានគិតគូរពីទិដ្ឋភាពផ្សេងៗទៀតមានជាអាទិ៍ដូចជា៖ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ផ្លាកសញ្ញា និងគំនូស សញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ ការដាំដើមឈើលម្អផ្លូវជាដើម ការសាងសង់មានរយៈ ពេល១៣ខែ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២១។

សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែនេះ គ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង