ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាបន្ថែមចំនួន១៩រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ ដែលគ្រោងនឹងពង្រីកទៅកាន់សាលាបឋមសិក្សាគោលដៅ ១៩ទីតាំងបន្ថែម សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តចំនួន ១៤។ ការជ្រើសរើសនេះធ្វើឡើងក្រោយមានភាពជោគជ័យលើជំហានទី១ នៃការរៀបចំនិងអនុវត្តកម្មវិធីថ្នាក់រៀនជំនាញឌីជីថលនៅតាមសាលាគោលដៅចំនួន៤២ ក្នុងរាជធានី-ខេត្តចំនួន៩ ដែលជាការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
យោងតាមសេចក្តីជូនដំណឹងនៅលើគេហទំព័រក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា លក្ខខណ្ឌទូទៅនៃការជ្រើសរើស គឹតម្រូវឱ្យបេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាព័ត៌មាន ឬជំនាញពាក់ព័ន្ធ ចំណែកឯបេក្ខជនដែលបានបញ្ចប់សាលាគរុកោសល្យ ត្រូវបានផ្តល់អាទិភាព (ជាការប្រសើរ) ឬកំពុងបំពេញមុខងារជាគ្រូបង្រៀននៅតាមខេត្តខាងលើ។ ជាពិសេស បេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន និងមានចំណេះដឹងប្រើប្រាស់កម្មវិធី Microsoft Office ច្បាស់លាស់។ បេក្ខជនមានបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការអប់រំបច្ចេកវិទ្យាឌីជីថល (ជាការប្រសើរ)។ បេក្ខជនត្រូវមានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម មានគំនិតផ្តួចផ្តើម ច្នៃប្រឌិត និងស្រាវជ្រាវ។
ចំពោះភារកិច្ច និងការទទួលខុសត្រូវ គឺត្រូវរៀបចំនិងបង្រៀនមុខវិជ្ជាជំនាញឌីជីថល សម្រាប់ថ្នាក់ទី៤ ទី៥ និងទី៦ ស្របតាមការកំណត់របស់ ក្រុមការងារបច្ចេកទេសរៀបចំថ្នាក់រៀនឌីជីថល ព្រមទាំងសម្របសម្រួលបទពិសោធការរៀននិងការអនុវត្ត ដែលជំរុញការគិតវិភាគបញ្ហា ដោះស្រាយ និង ជំនាញធ្វើការងារជាក្រុមនៅក្នុងថ្នាក់ និងវាយតម្លៃនិងវាស់វែងវឌ្ឍនភាពរបស់សិស្ស ផ្តល់មតិយោបល់ និងផ្តល់ដំណោះស្រាយតាមតម្រូវការ នៃ ការរៀនសូត្ររបស់សិស្ស។
បើតាមប្រភពដដែល ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមសមត្ថភាព បទពិសោធ និងគុណវុឌ្ឍរបស់បេក្ខជន។ បេក្ខជនដែលជាប់នឹងទទួលបានចំណេះដឹង និងជំនាញឯកទេសថ្នាក់ឌីជីថលបន្ថែមតាមរយៈការបណ្តុះបណ្តាលរបស់ ក្រុមការងារបច្ចេកទេសរៀបចំថ្នាក់រៀនឌីជីថល និងការណែនាំរបៀបអនុវត្តការងារជាក្រុម។ ដើម្បីអាចដាក់ពាក្យ ក្ខជនត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dgclassrecruitment ព្រមទាំងភ្ជាប់មកជាមួយសំណុំឯកសារពាក់ព័ន្ធផ្សេងៗ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទី។ បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវបានទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬសម្ភាសជាមួយគណៈកម្មការជ្រើសរើស។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ https://go.gov.kh/mptc/20251111។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទខាងក្រោម៖ លោក ទេព សួគានី ០៨៩ ៦៤៣ ៥៩៣ (Cellcard) កញ្ញា ម៉េត ស្រីភា ០៨៦ ៦៣៣ ៥៥១ (Smart) និង លោក ស៊ុយ វណ្ណា ០១២ ៦៩៧ ៧៧៣ (Cellcard)៕