ភ្នំពេញ៖ លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ លោក ហ៊ុន គឹមជាតិ ដែលទើបត្រូវបានប្រកាសចូលកាន់តំណែងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមអ្វីដែលជាតួនាទីភារកិច្ច និងឲ្យសាកសមអ្វីដែលរាជរដ្ឋាភិបាលប្រគល់ជូន។ ការណែនាំនេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែង លោក ហ៊ុន គឹមជាតិ ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោក អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា គ្រប់ករណីទាំងអស់ដែលកើតមានឡើងលើជនបរទេសគ្រប់ជាតិសាស្រ្តទាំងអស់ មិនថាមកស្នាក់នៅធ្វើការរកស៊ី និងមកទេសចរណ៍នោះទេ មន្រ្តីជំនាញទាំងអស់ត្រូវរួមសហការគ្នា ស៊ើបអង្កេត ស្រាវជ្រាវ និងចេញអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវជួយសង្រ្គោះជនរងគ្រោះប្រកបដោយសុវត្ថិភាព និងចាប់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធទស់អស់ឲ្យដល់ឬសគល់ ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
បន្ថែមពីលើនេះ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា យោងតាមភារកិច្ចដែលបានកំណត់ អង្គភាពទាំងអស់ត្រូវគ្រប់គ្រង ដឹកនាំ បញ្ជា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការ នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងមនុស្សទូទៅ មានជាអាទិ៍បទឧក្រិដ្ឋ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ អំពីជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើនីតិជន និងអនីតិជន បទល្មើសគ្រឿងញៀន អំពើវិច្ឆេទកម្មសេដ្ឋកិច្ច និងបទល្មើសសេដ្ឋកិច្ចគ្រប់ទម្រង់ រួមទាំងការធ្វើកោសល្យវិច័យវិទ្យាសាស្ត្រនានា ដើម្បីបម្រើឲ្យការងារជំនាញ។
លោក ស ថេត បានអះអាងថា ទាំងនេះ គឺជាកិច្ចការងារមួយមានវិសាលភាពធំធេង ដែលទាមទារឲ្យថ្នាក់ដឹកនាំគ្រប់កម្រិត មានសមត្ថភាព ចំណេះដឹង ជំនាញ បទពិសោធ ទេព្យកោសល្យ ស្មារតីម្ចាស់ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីបំពេញបេសកកម្មស្នូលដ៏មានសារៈសំខាន់នេះ ក្នុងការធានាបាននូវសុវត្ថិភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕