ញូវដេលី៖ មានយ៉ាងហោចណាស់មនុស្សប្រាំបីនាក់បានស្លាប់ និង ២០ នាក់រងរបួសកាលពីយប់ថ្ងៃច័ន្ទ នៅពេលដែលរថយន្តមួយបានបំផ្ទុះនៅជិតបន្ទាយក្រហមប្រវត្តិសាស្ត្រនៅក្នុងរដ្ឋធានីដេលីរបស់ប្រទេសឥណ្ឌា។ អាជ្ញាធរបានបញ្ជាក់ថាស្ថានីយ៍រថភ្លើងសំខាន់ៗនៅទូទាំងប្រទេសឥណ្ឌា ទីក្រុងបុមបៃ និងរដ្ឋ អ៊ុតតាប្រាដេស ត្រូវបានដាក់ឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។
យោងតាមការចេញផ្សាយដោយ NDTV បានរាយការណ៍ថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហព័ន្ធឥណ្ឌា លោក Amit Shah កំពុងបន្តបើកការស៊ើបអង្កេតលើករណីនេះ ហើយភ្នាក់ងារសន្តិសុខនឹងឈានដល់ការសន្និដ្ឋានឆាប់ៗនេះ។ NDTV បានបញ្ជាក់ទៀតថាម្ចាស់រថយន្តម្នាក់ ដែលមានឈ្មោះថា Salman ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅកាន់កន្លែងសួរចម្លើង និងធ្វើការស៊ើបអង្កេតនៃការបំផ្ទុះដ៏ខ្លាំងក្លាមួយនេះ។
គួរកត់សម្គាល់ថាបន្ទាយក្រហម ដែលត្រូវបានគេស្គាល់ក្នុងស្រុកថា Lal Qila គឺជាអគារដ៏ធំល្វឹងល្វើយមួយ នៃសម័យ Mughal សតវត្សរ៍ទី ១៧ ដែលរួមបញ្ចូលគ្នានូវរចនាបថស្ថាបត្យកម្មពែរ្ស និងឥណ្ឌា ហើយត្រូវបានភ្ញៀវទេសចរទៅទស្សនាជារៀងរាល់ឆ្នាំ។ ជារឿយៗលោកនាយករដ្ឋមន្ត្រីឥណ្ឌាតែងតែទៅថ្លែងកាន់ប្រជាជាតិពីកំពែងបន្ទាយជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៥ ខែសីហា ដែលជាទិវាឯករាជ្យរបស់ប្រទេសឥណ្ឌា។
ទីក្រុងដេលីគឺជាគោលដៅនៃការផ្ទុះក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ដោយកន្លែងសាធារណៈដូចជាស្ថានីយ៍ឡានក្រុង និងតំបន់ទីផ្សារដែលមានមនុស្សច្រើនកុះករ ត្រូវបានវាយប្រហារដោយពួកសកម្មប្រយុទ្ធឥស្លាម។ សន្តិសុខនៅក្នុងរដ្ឋធានីគឺជាការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃសហព័ន្ធ៕