ភ្នំពេញ៖ លោក Marco Rubio រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកផ្ញើសារអបអរសារកម្ពុជា ក្នុងទិវាបុណ្យឯករាជ្យជាតិកម្ពុជា ព្រមទាំងបានរំលេចពីចំណងមិត្តភាពរវាងកម្ពុជា និងអាម៉េរិករយៈពេលប្រមាណ៧០ឆ្នាំមកនេះ ព្រមទាំងបន្តគាំទ្រកម្ពុជាក្នុងការរក្សានូវសន្តិភាព និងការអភិវឌ្ឍ។
យោងតាមគេហទំព័រផ្លូវការនៃ U.S. Mission to ASEAN (USASEAN) បានឱ្យដឹងថា លោក Marco Rubio រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក បានគូសបញ្ជាក់ថា «អស់រយៈពេលជាង 70 ឆ្នាំមកហើយ យើងបានរក្សាទំនាក់ទំនងជិតស្និទ្ធដោយផ្អែកលើការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជាដែលកំពុងរីកចម្រើនបាននាំមកនូវភាពរុងរឿង សន្តិភាព និងសន្តិសុខដល់ប្រជាជនយើងទាំងពីរ។ សហរដ្ឋអាមេរិកទន្ទឹងរង់ចាំបន្តការគាំទ្ររបស់យើងសម្រាប់ប្រទេសកម្ពុជាដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់។»៕