681 ezgif.com resize
Swift cc time

កម្មវិធីអាហារូបករណ៍កែវសីមា ផ្តល់ឱកាសសម្រាប់សិស្ស និស្សិតជនជាតិដើមភាគតិច នៅមណ្ឌលគិរី បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាងពី៖ គេហទំព័រ គម្រោងរេដបូក កែវសីមា

ភ្នំពេញ៖ កម្មវិធី Keo Seima EmpowerED ផ្តល់ឱកាសអាហារូបករណ៍សម្រាប់សិស្ស និស្សិតជនជាតិដើមភាគតិច ដែលមានលទ្ធផលសិក្សា និងអត្តចរិតលក្ខណៈល្អប្រសើរ បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាភូមិន្ទកសិកម្ម រយៈពេល ៤ ឆ្នាំ ។ អាហារូបករណ៍នឹងឈប់ទទួលពាក្យនៅថ្ងៃទី១៤ ខែវិច្ឆិកា ២០២៥ វេលាម៉ោង ៥ល្ងាច។

យោងតាមគេហទំព័រ គម្រោងរេដបូក កែវសីមា បានឱ្យដឹងថា កម្មវិធីអាហារូបករណ៍កែវសីមា (Keo Seima EmpowerED) គឺជាគម្រោងអាហារូបករណ៍មួយ ដែលផ្តល់ឱកាសដល់យុវជនជនជាតិដើមភាគតិចដែលមានសក្តានុពល ដែលរស់នៅក្នុងតំបន់នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ឱ្យទទួលបានការអប់រំកម្រិតឧត្តមសិក្សា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ កម្មវិធីនេះជាកិច្ចសហការរវាងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងផ្តល់ជូនការផ្គត់ផ្គត់ពេញលេញសម្រាប់និស្សិតអាហារូបករណ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ៤ ឆ្នាំ ដែលផ្តល់អោយពួកគាត់នូវការអប់រំ ជំនាញបច្ចេកទេសទាក់ទងនឹងវិស័យកសិកម្ម បរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សហគមន៍ ចំណីអាហារ និង ភាពជាអ្នកដឹកនាំ ដែលតម្រង់ផ្លូវសិស្សអោយក្លាយជាអ្នកផ្លាស់ប្តូរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍។

បើតាមប្រភពដដែល លក្ខខណ្ឌដែលអាចដាក់អាហារូបករណ៍នេះ គឺត្រូវតែជាប្រជាជនអចិន្ត្រៃយ៍នៅក្នុងសហគមន៍នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី និងជាជនជាតិដើមភាគតិច (ឧ. ជនជាតិព្នង) ដែលមានលទ្ធផលសិក្សា និងអត្តចរិតលក្ខណៈល្អប្រសើរ ដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ និងជាប់ការប្រលងថ្នាក់ជាតិ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយ (២០២៤ និង ២០២៥)ព្រមទាំងមានអាយុចន្លោះពី ១៧ឆ្នាំ ដល់ ២៤ឆ្នាំ គិតត្រឹមពេលដាក់ពាក្យ។ បេក្ខជនមានពេលវេលាសិក្សាពេញម៉ោង និងបញ្ចប់ការសិក្សាក្នុងរយៈពេល ៤ ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងមានឆន្ទៈក្នុងការរួមចំណែកការអភិវឌ្ឍសហគមន៍បន្ទាប់ពីបញ្ចប់ការសិក្សា ព្រមទាំងមានសុខភាពកាយសម្បទា និងផ្លូវចិត្តល្អ។

គួរបញ្ជាក់ថា សិស្ស និស្សិតដែលមានចំណាប់អារម្មណ៍ អាចទាញយកពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://drive.google.com/.../10vFmCvB22... ឬទំនាក់ទំនងតាមរយៈ Telegram និងលេខទូរស័ព្ទ៖ 088 760 0022៕


Khcct banner

អត្ថបទទាក់ទង