ភ្នំពេញ៖ ក្រសួងអប់រំ ជ្រើសរើសកុមារី និងយុវតី មានអាយុចាប់ពី ១០ឆ្នាំ ដល់ ១៨ឆ្នាំ ចូលរួមកម្មវិធីប្រកួតប្រជែងកម្រិតថ្នាក់ជាតិ «កម្មវិធីអប់រំបង្កើតហ្គេម ប្រចាំឆ្នាំ២០២៥» (Cambodia National Game Jam 2025) ដើម្បីផ្តល់ឱកាសសម្រាប់កុមារី និងយុវតីកម្ពុជា ក្នុងការបញ្ចេញសមត្ថភាព បង្ហាញពីភាពច្នៃប្រឌិត និងពង្រឹងជំនាញឌីជីថល ពីអ្នកប្រើប្រាស់ ទៅជាអ្នកបង្កើតថ្មី និងលើកកម្ពស់ការសិក្សាបែបសកម្មដែលជាតម្រូវការចាំបាច់ សម្រាប់ការបរិវិត្តកម្មអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រ។
“កម្មវិធីអប់រំបង្កើតហ្គេម” គឺជាកម្មវិធីអប់រំនវានុវត្តន៍បច្ចេកវិទ្យាបានអនុវត្តសាកល្បងកាលពីឆ្នាំ២០២៣ នៅតាមបណ្តាប្រទេសចំនួន០៨រួមមាន៖ ប្រទេសអាមេនី ប្រទេសប្រេស៊ីល ប្រទេសកម្ពុជា ប្រទេសឥណ្ឌា ប្រទេសកាហ្សាក់ស្ថាន ប្រទេសម៉ារ៉ុក ប្រទេសម៉ាឡេស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង ដែលមានអ្នកចូលរួមជាង ១៥៤ ០០០ នាក់ជុំវិញពិភពលោក។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះបានផ្តល់ផលជះជាវិជ្ជមានជាច្រើនដល់សិស្សានុសិស្សតាមរយៈការសិក្សាផ្អែកលើគម្រោង ផ្តល់ឱ្យសិស្សបង្កើននូវបំណិនសំខាន់ចាំបាច់ក្នុងការបង្កើតថ្មី ការត្រិះរិះពិចារណា ការស្វែងរកឬសគល់នៃបញ្ហា និងដំណោះស្រាយ ការសិក្សាបែបសកម្ម ដែលជា តម្រូវការចាំបាច់សម្រាប់បរិបទថ្មីនៃការអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រ ដោយបានលើកកម្ពស់ការចូលរួមរបស់សិស្សស្រីលើការអប់រំស្ទែម បច្ចេកវិទ្យា និងសហគ្រិនភាពផងដែរ។
កម្មវិធីប្រកួតប្រជែងកម្រិតថ្នាក់ជាតិ កម្មវិធីអប់រំបង្កើតហ្គេម ផ្តោតសំខាន់ទៅលើការកាត់បន្ថយគម្លាតសមត្ថភាពឌីជីថល តាមរយៈការជំរុញភាពច្នៃប្រឌិត ភាពប៉ិនប្រសប់ ពង្រឹងជំនាញទន់ (ការគិតត្រិះរិះបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម) និងស្វ័យភាពក្នុងការអភិវឌ្ឍហ្គេម ដើម្បីចូលរួមដោះស្រាយបញ្ហានានាក្នុងសហគមន៍។
បើតាមប្រភពដដែល លក្ខខណ្ឌនៃការចូលរួម តម្រូវឱ្យជាសិស្សស្រីដែលមានអាយុចាប់ពី ១០ឆ្នាំ ដល់ ១៨ឆ្នាំ ដែលត្រូវបង្កើតជាក្រុមដែលមានសមាជិកចាប់ពី ០២នាក់ ទៅ ០៥នាក់ និងជាសិស្សានុសិស្សដែលកំពុងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជន ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការសិក្សាស្រាវជ្រាវ។ ជាពិសេស បេក្ខជនត្រូវមានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន មាតាបិតាឬអ្នកអាណាព្យាបាល ឱ្យចូល រួមកម្មវិធីប្រកួត។ ដើម្បីអាចដាក់ពាក្យ បេក្ខជនត្រូវចូលទៅកាន់តំណភ្ជាប់៖ https://link.moeys.gov.kh/GameJam25 ឱ្យបានត្រឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ និងចូលទៅក្នុងក្រុមតេឡេក្រាម៖ https://link.moeys.gov.kh/GameJam2025។
គួរបញ្ជាក់ថា ក្រសួងអប់រំ ក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ នឹងរៀបចំការប្រកួតប្រជែង ថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៥ “កម្មវិធីអប់រំបង្កើតហ្គេម” ដើម្បីចូលរួមគាំទ្រការអប់រំបែបឌីជីថលនៅកម្ពុជា និង ពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារី ឱ្យចាប់យកការសិក្សាលើការអប់រំស្ទែម បច្ចេកវិទ្យានិងសហគ្រិនភាព ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេមជាដំណោះស្រាយបញ្ហាក្នុងសហគមន៍ ប្រែក្លាយពីអ្នកលេងហ្គេមទៅជាអ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិត លើកកម្ពស់ការសិក្សាបែបសកម្មដែលជាតម្រូវការចាំបាច់ សម្រាប់ការបរិវិត្តកម្មអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រផងដែរ៕