ភ្នំពេញ៖ យុវជនកម្ពុជា៤រូប បានអាហារូបករណ៍អាស៊ាន ឆ្នាំសិក្សា២០២៦ ពីស្ថានទូតសិង្ហបុរី ដើម្បីសិក្សាកម្រិតអនុវិទ្យាល័យទី៣ នៅតាមសាលាអនុវិទ្យាល័យសិង្ហបុរី រយៈពេល៤ឆ្នាំ។ ស្ថានទូតបានរៀបចំកម្មវិធីប្រគល់អាហារូបករណ៍នេះជូនយុវជនទាំង៤រូប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។
យោងតាមគេហទំព័រស្ថានទូតសិង្ហបុរី បានឱ្យដឹងថា យុវជនទាំង៤រូប រួមមាន ថាយ សំរិទ្ធិគុណ និង ទួន ច័ន្ទវាសនា ជាសិស្សមកពីវិទ្យាល័យព្រះយុគន្ធរ, គឹម សេដ្ឋារ័ត្ន និង តាំង ជម្ពូនុត មកពីសាលាឯកជន។ តាមរយៈអាហារូបករណ៍នេះ សិស្សទាំង៤រូប នឹងសិក្សាកម្រិតអនុវិទ្យាល័យទី៣ នៅតាមសាលាអនុវិទ្យាល័យសិង្ហបុរី រយៈពេល៤ឆ្នាំ។
បើតាមប្រភពដដែល ស្ថានទូតបានរៀបចំពិធីប្រគល់អាហារូបករណ៍អាស៊ាន ឆ្នាំសិក្សា២០២៦ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ ជូនដល់សិស្សានុសិស្ស ដើម្បីចូលរៀនកម្រិតអនុវិទ្យាល័យទី៣ នៅតាមសាលាអនុវិទ្យាល័យសិង្ហបុរី។ បន្ទាប់ពីពិធីប្រគល់អាហារូបករណ៍ ភ្ញៀវកិត្តិយស និងបុគ្គលិកស្ថានទូត បានពិសារអាហារសម្រន់ ហើយផ្លាស់ប្តូរគន្លឹះ និងបទពិសោធន៍លើការសិក្សានៅបរទេស។ បន្ថែមពីនេះ កញ្ញា Judy Kuy សិស្សអាហារូបករណ៍អាស៊ាន ឆ្នាំសិក្សា២០២៣ បានចែករំលែកដំបូន្មានដ៏មានសារៈសំខាន់ និងពាក្យលើកទឹកចិត្ត ដល់ជ័យលាភីអាហារូបករណ៍ថ្មី តាមរយៈសារវីដេអូអំឡុងពេលរៀបចំពិធីប្រគល់អាហារូបករណ៍នេះផងដែរ។
យុវតី តាំង ជម្ពូនុត ជ័យលាភីអាហារូបករណ៍អាស៊ានឆ្នាំ២០២៦ ក្នុងចំណោមជ័យលាភីទាំង៤រូប បានបង្ហាញអារម្មណ៍តាមរយៈសំណេរនៅលើគេហទំព័រស្ថានទូតសិង្ហបុរីថា «បន្ទាប់ពីទទួលបានដំណឹងថា ខ្ញុំត្រូវបានជ្រើសរើសសម្រាប់អាហារូបករណ៍អាស៊ានឆ្នាំសិក្សា២០២៦ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងមោទនភាពយ៉ាងខ្លាំងចំពោះខ្លួនឯង ដោយសារតែនេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ខ្ញុំក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ។ ខ្ញុំពិតជារំភើប និងទន្ទឹងរង់ចាំការចាប់ផ្តើមជំពូកថ្មីនៅប្រទេសសិង្ហបុរី! ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអប់រំ សម្រាប់ការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ និងផ្តល់ឱ្យខ្ញុំនូវឱកាសដ៏អស្ចារ្យនេះ។»
គួរបញ្ជាក់ថា សិស្សជ័យលាភីអាហារូបករណ៍ទាំងបួនរូប បានចូលរួមកម្មវិធីជាមួយសមាជិកគ្រួសាររបស់ពួកគេ ព្រមទាំងមានវត្តមានពីមន្ត្រី មកពីក្រសួងអប់រំ និងក្រសួងការបរទេស៕