ទីក្រុងដូហា៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុង “កិច្ចប្រជុំកំពូលពិភពលោកលើកទី២ សម្រាប់ការអភិវឌ្ឍសង្គម” (The Second World Summit for Social Development) នៅទីក្រុងដូហា ប្រទេសកាតា។ រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកយក«បេសកកម្មគោលចំនួន៤» ដែល កម្ពុជាបាននិងកំពុងបន្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យ ឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) រួមមាន កិច្ចគាំពារសង្គមជាសិទ្ធិអធិបតេយ្យ ការវិនិយោគលើមូលធនមនុស្ស និងការងារសមរម្យ ភាពធន់នឹងអាកាសធាតុ បរិយាបន្ន និងសមភាពយេនឌ័រ និងការទាញយកអត្ថប្រយោជពីបច្ចេកវិទ្យា និងសកម្មភាពអនុវត្ត។
យោងតាមគេហទំព័រក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងបទអន្តរាគមន៍នាឱកាសកិច្ចប្រជុំកំពូលនេះ ដោយបានលើកឡើងថា "សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍គ្រប់ទម្រង់" ការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់កម្ពុជា មានលក្ខណៈជាសកល ដោយជាថ្មីម្តងទៀត កម្ពុជាសូម ចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សានាពេលថ្មីៗនេះ និងការសម្រេចបាននូវការចុះហត្ថលេខាជាប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួររវាងកម្ពុជា-ថៃ ដែលទាំងនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីថាមពលនៃការបន្តកិច្ចសន្ទនា និងចំណងការទូតដើម្បីបញ្ចប់អរិភាព និងកសាងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។
បន្ថែមពីនេះ លោក បានថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះថា បច្ចុប្បន្ន កម្ពុជាបាននិងកំពុងបន្តបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ ឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) រួមមាន៖
(១) កិច្ចគាំពារសង្គមជាសិទ្ធិអធិបតេយ្យ៖ ស្ថេរភាពសង្គមគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ យើងប្តេជ្ញាចិត្តលុបបំបាត់ភាពក្រីក្រដោយកំណត់យកកិច្ចគាំពារសង្គមមិនត្រឹមតែជាបេះដូងនៃគោលនយោបាយរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាសិទ្ធិអធិបតេយ្យភាព និងសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប។
(២) ការវិនិយោគលើមូលធនមនុស្ស និងការងារសមរម្យ៖ យើងត្រូវតែធានាលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពសម្រាប់ទាំងអស់គ្នា។ ការអប់រំគឺជាភាពស្មើគ្នាដ៏ធំបំផុត ហើយប្រជាជនរបស់យើងគឺជាធនធានដ៏ធំបំផុតរបស់យើង។ យើងកំពុងវិនិយោគយ៉ាងច្រើនលើយុវជនរបស់យើង ដោយផ្តោតលើការអប់រំស្ទែម (STEM) និងការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) ដើម្បីឱ្យពួកគេមានជំនាញដែលស្របទៅនឹងតម្រូវការទីផ្សារ ដើម្បីជំរុញឧស្សាហូបនីយកម្មរបស់យើង។
(៣) ភាពធន់នឹងអាកាសធាតុ បរិយាបន្ន និងសមភាពយេនឌ័រ៖ សមភាពយេនឌ័រ និងបរិយាបន្នគឺជាកត្តាចម្បងឈានទៅរកការរីកចម្រើនប្រកបដោយចីរភាព។ គោលការណ៍នេះនាំយើងទៅរកការពារសិទ្ធិជនពិការ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិច និងការពង្រឹងសុខុមាលភាពជាសកល។
(៤) ការទាញយកអត្ថប្រយោជពីបច្ចេកវិទ្យា និងសកម្មភាពអនុវត្ត៖ យើងត្រូវទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យារួមទំាងបញ្ញាសិប្បនិម្មិត បម្រែបម្រួលឌីជីថល ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសមភាព។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីសំណាក់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រី ដែលជាតំណាងប្រទេសសមាជិកអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិទូទាំងពិភពលោក ដែលជាដៃគូសន្ទនា និងដៃគូពាក់ព័ន្ធ។ សមាសភាពគណៈប្រតិភូកម្ពុជា រួមមាន ប្រតិភូក្រសួងអប់រំ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងផែនការ, និងក្រុមប្រឹក្សាជាតិគាំពារសង្គម៕