ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម នាថ្ងៃទី០៣ខែ វិច្ឆិកានេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រឡាយទឹក ដែលជាគម្រោងរបស់ក្រសួងក្រសួងធនធានទឹក និងឧត្តុនិយម ដើម្បីកែប្រែប្រឡាយមួយចំនួន ពីប្រឡាយស្រោចស្រពទៅជាប្រឡាយរំដោះទឹកនឹងធ្វើយ៉ាងណាបង្វែរផ្លូវទឹកកុំឱ្យហូរចូលមករាជធានីភ្នំពេញ។
ក្នុងឱកាសនេះ លោក ឃួង ស្រេង និងរដ្ឋមន្ត្រីក្រសួងធនធានទឹក បានចុះពិនិត្យទីតាំងឆ្លងកាត់ផ្លូវរថភ្លើង ទល់មុខប្រឡាយតាហោ សង្កាត់ភ្លើងឆេះរទេះ ពិនិត្យទីតាំងប្រឡាយជើងឯកប្រសព្វផ្លូវជាតិលេខ៣ សង្កាត់ពងទឹក និងពិនិត្យទីតាំងឆ្លងផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវព្រៃស។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការចុះពិនិត្យនេះ គឺលោក ឃួង ស្រេង និងលោក ថោ ជេដ្ឋា បានចុះពិនិត្យមើលពីវឌ្ឍនភាពប្រឡាយទឹក ដែលជាគម្រោងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដើម្បីភ្ជាប់ប្រឡាយលូទៅប្រឡាយមេ ដែលបានជីករួច ជាមួយនឹងការកែលម្អប្រឡាយចាស់ៗមួយចំនួនឱ្យបន្ស៊ីគ្នាជាមួយនឹងប្រឡាយថ្មី។ ទន្ទឹមនឹងនេះ មន្ត្រីជំនាញ បានចុះពិនិត្យប្រឡាយជើងឯក ផ្លូវឆ្លងកាត់មួយចំនួន ដើម្បីកែតម្រូវឱ្យត្រូវតាមស្តង់ដារបច្ចេកទេស។ ពិនិត្យមើលប្រឡាយតាហោ ដែលប្រឡាយតាហោនេះ ពីដើមឡើយជាប្រឡាយស្រោចស្រប តែពេលនេះបានកែប្រែក្លាយទៅជាប្រឡាយរំដោះទឹកវិញ ដោយសារតែប្រជាពលរដ្ឋមករស់នៅតំបន់នេះកាន់តែច្រើន។
មន្ត្រីដដែល បានបញ្ជាក់ថា ប្រឡាយតាហោ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីផ្លូវជាតិលេខ៤ ពិសេសពីតំបន់ជម្ពូវ័ន ភ្ជាប់ទៅប្រឡាយលូថ្មី ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំឱ្យទឹកហូរចូលមករាជធានីភ្នំពេញ ដោយបង្វែរមុខទឹក ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ទឹងព្រែកត្នោតតែម្តង។ ជាមួយគ្នានេះដែរ ក្រសួងធនធានទឹកនិងឧត្តុនិយម គ្រោងនឹងដាក់លូប្រអប់ខ្នាតធំ ដោយតភ្ជាប់ពីប្រឡាយជើងឯក មកប្រឡាយតាហោ ដោយកាត់ពីក្រោមផ្លូវរថភ្លើង៕