ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ បានអំពាវនាវឱ្យប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងៗក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារខ្មែរ ដែលសម្បូរមីក្រូសារជាតិ និងមានសុវត្ថិភាព។ ជាពិសេស សម្តេច បានផ្តល់អនុសាសន៍ទៅកាន់ក្រសួងសុខាភិបាល ក្នុងការបន្តអប់រំផ្សាយឱ្យស្រ្តីទទួលការប្រឹក្សាយោបល់ពីមន្ទីរពេទ្យ អំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល និងបន្តផ្សព្វផ្សាយការបំបៅកូនដោយទឹកដោះម្តាយ។
ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៦ វិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្សព្វផ្សាយ អប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី១២ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល បានជ្រើសរើសយកប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ»។ សម្តេច បានគូសបញ្ជាក់ថា អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ព្រោះថា សង្គមដែលមានប្រជាពលរដ្ឋទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រប់គ្រាន់ គឺជាសង្គមមួយដែលរឹងមាំ មានភាពធន់ មានសាមគ្គីភាព ការអភិវឌ្ឍ និងស្ថិរភាពសង្គម។ ចំណែកឯ សន្តិភាព ក៏បានជះឥទ្ធិពលវិជ្ជមានទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់បរិភោគអាហារជាមួយក្រុមគ្រួសារដោយផាសុកភាព និងសុវត្ថិភាព។
នៅក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១២ សម្តេចបានផ្តល់អនុសាសន៍ចំនួន១១ចំណុច សម្រាប់ស្ថាប័ន និងភាគីពាក់ព័ន្ធនឹងការចូលរួមចំណែកលើកកម្ពស់ការយល់ដឹងជាសាធារណៈពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីអភិវឌ្ឍមូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ក្នុងចំណោម១១ចំណុចនោះ សម្តេច ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ទៅកាន់ក្រសួងសុខាភិបាល ក្នុងការបន្តអប់រំផ្សាយឱ្យស្រ្តីទទួលការប្រឹក្សាយោបល់ពីមន្ទីរពេទ្យ អំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល និងបន្តផ្សព្វផ្សាយការបំបៅកូនដោយទឹកដោះម្តាយ ជាពិសេសជំរុញឱ្យអាណាព្យាបាលនាំកុមារដែលមានអាយុក្រោម២ឆ្នាំ ទៅមណ្ឌលសុខភាព ដើម្បីតាមដានសុខភាព និងការលូតលាស់របស់កុមារ និងពង្រឹងប្រព័ន្ធរាងកាយទប់ទល់នឹងការបង្ករោគផ្សេងៗមកកាន់កុមារ។ បន្ថែមពីនេះ សម្តេច បានផ្តល់អនុសាសន៍ទៅកាន់ក្រសួងអប់រំថា ត្រូវហាមឃាត់ការទទួលទាន ការចែកចាយ ដាក់តាំងលក់ និងផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ។ ជាពិសេស ក្រសួងអប់រំត្រូវបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ។
សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបតម្ថ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើចលនាប្រជាពលរដ្ឋឱ្យដាំដុះដំណាំ និងចិញ្ចឹមសត្វ និងត្រីជាលក្ខណៈគ្រួសារ តាមសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យប្រភពស្បៀងអាហារចម្រុះច្រើនជាងមុន។ ជាពិសេស ចង់ឱ្យមានការធ្វើចលនាយុវជន ឱ្យយល់ដឹងពីរបៀបធ្វើម្ហូបខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរសជាតិផ្សេងៗក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារខ្មែរ ដែលសម្បូរមីក្រូសារជាតិ និងមានសុវត្ថិភាព។ ចំណែកឯ រដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ក្រុមហ៊ុនសិប្បកម្ម អ្នកប្រកបមុខ របរអាជីវកម្មម្ហូបអាហារ ផ្សារទំនើប ភោជនីយដ្ឋាននានា គ្រឹះស្ថានសិក្សា រមណីយដ្ឋានទេសចរណ៍ និងអ្នក លក់ដូរម្ហូបអាហារតាមដងផ្លូវ សម្តេចជំរុញឱ្យចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក ដោយយកចិត្តទុកដាក់ខ្ពស់ក្នុង ការផលិត កែច្នៃ រក្សាទុក និងចែកចាយផលិតផលម្ហូបអាហារ ទាំងម្ហូបអាហារស្រស់ និងឆ្អិនស្រាប់ ឱ្យមាន អនាម័យ មានសុវត្ថិភាព និងមានគុណភាព ស្របតាមស្តង់ដា បច្ចេកទេស និងលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងសុវត្ថិភាពម្ហូបអាហារ ស្របតាមពាក្យស្លោក “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»៕