ភ្នំពេញ៖ ក្រសួងអប់រំ នៅថ្ងៃបើកបវេសនកាល នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញចំនួនតួលេខសិស្សសរុបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ថា សិស្សសរុបចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាទុតិយភូមិមានប្រមាណ៣លាន ៣សែន ៦ម៉ឺន ចំណែកឯ គ្រូបង្រៀនសរុបមានប្រមាណ១៣ម៉ឺននាក់។
ជាមួយគ្នានេះ នៅថ្ងៃបើកបវេសនកាលនេះ ក្រសួងអប់រំ បានអំពាវនាវឱ្យអាណាព្យាបាលយកកុមារដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ ឬ៧០ខែ នៅបឋមសិក្សា ដើម្បីក្រេបជញ្ជក់នូវចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរ ការបើកបវេសនកាល ឆ្នាំសិក្សា ២០២៥ - ២០២៦។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ៕