ភ្នំពេញ៖ សន្និសីទជាតិស្តីពី «បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដើម្បីនាំយកអ្នកជំនាញឈានមុខគេមកជួបជុំគ្នា ដើម្បីពិភាក្សាអំពីសក្តានុពលដ៏ធំធេងនៃ “បញ្ញាសិប្បនិម្មិតសម្រាប់អនាគតនៃការអប់រំនៅកម្ពុជា”។
យោងតាមគេហទំព័រផ្លូវការនៃក្រសួងអប់រំ បានឱ្យដឹងថា សន្និសីទជាតិស្តីពី «បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥» (Artificial Intelligence for Education National Conference 2025) គឺជាវេទិកាជាតិសម្រាប់ការពិភាក្សាស៊ីជម្រៅ ការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង ការដាក់តាំងបង្ហាញនវានុវត្តន៍ និងកិច្ចសហការ ដើម្បីជំរុញចក្ខុវិស័យរួមឆ្ពោះទៅកាន់អនាគតមួយដែលបញ្ញាសិប្បនិម្មិត លើកកម្ពស់ការអប់រំ និងជ្រោមជ្រែងដល់អ្នកសិក្សា និងអ្នកអប់រំនៅកម្ពុជា។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើម សន្និសីទជាតិស្តីពី បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥ ត្រូវបានដឹកនាំដោយ ក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងរៀបចំដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ដើម្បីអាចចូលរួម តម្រូវឱ្យចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់៖ https://bookme.plus/t/events/ai-for-education-2025 ៕