ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល បានរំលឹកដល់ប្រធានាធិបតីចិន លោកស៊ី ជីនពីង កុំឲ្យភ្លេចទិញអង្កររបស់ខ្លួនក្នុងកិច្ចព្រមព្រៀងនាំចេញអង្កររបស់ប្រទេសថៃចំនួន ៥០០,០០០ តោន ទៅកាន់ប្រទេសចិន។ លោកថាការពន្លឿនទិញអង្កររបស់ថៃចូលប្រទេសចិននឹងជួយដល់កសិករថៃជាច្រើនពាន់គ្រួសារ។ ការក្រើនរំលឹកទៅកាន់ប្រទេសចិននេះធ្វើឡើងក្នុងកិច្ចប្រជុំរវាងលោក និងលោកស៊ីជិនភីងនៅក្នុងក្នុងអំឡុងពេលកិច្ចប្រជុំ APEC (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) ដែលធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។
បើតាមលោកនាយករដ្ឋមន្ត្រី អនុទីន ឆានវីរៈគុល បានបញ្ជាក់ថាលោកបានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង កាលពីថ្ងៃសុក្រ នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង ក្នុងអំឡុងកិច្ចប្រជុំ APEC លើកទី ៣២។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានបង្ហោះវីដេអូឃ្លីបនៃការសន្ទនារបស់មេដឹកនាំទាំងពីរតាមរយៈអ្នកបកប្រែ ដោយបង្ហាញថា បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោកអនុទីន បាននិយាយទៅកាន់លោកស៊ី ថា “កុំភ្លេចទិញអង្ករថៃ”។ លោកអះអាងទៀតថាមុនពេលចេញដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង លោកអនុទីន បានប្រាប់អ្នកយកព័ត៌មានថា របៀបវារៈសំខាន់មួយរបស់លោកក្នុងកិច្ចប្រជុំជាមួយចិនគឺជំរុញឱ្យប្រទេសចិនពន្លឿនការទិញអង្ករថៃចំនួន ៥០០,០០០ តោន ដែលនឹងជួយបង្កើតប្រាក់ចំណូលសម្រាប់កសិកររបស់ប្រទេសថៃ៕