បន្ទាយមានជ័យ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែតុលានេះ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A ចំនួន ១២៦ នាក់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។
លោក អ៊ុ រាត្រី បានលើកឡើងថា ការប្រឡងបាក់ឌុបឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ សិស្សបេក្ខជនទាំងអស់គោរពវិន័យ និងមិនយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិចចូលថ្នាក់ប្រឡងឡើយ។ លទ្ធផលប្រឡងត្រូវបានទទួលយកយ៉ាងថ្លៃថ្នូរ និយាយបានថា “អ្នកចេះ គឺជាប់”។ លោកបង្ហាញក្ដីសង្ឃឹមថា សិស្សានុសិស្សនឹងបន្តរក្សាលទ្ធផលល្អនេះ ដើម្បីលើកស្ទួយកេរ្តិ៍ឈ្មោះខេត្តបន្ទាយមានជ័យកាន់តែរុងរឿង។
តាមរបាយការណ៍របស់លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំសិក្សា ២០២៤-២០២៥ មានបេក្ខជនសរុប ៦.៤៥១ នាក់ ដែលជាប់សញ្ញាបត្រ ៥.៥១៧ នាក់។ ក្នុងនោះ៖ ភ្នាក់ងារជាប់ និទ្ទេស A ចំនួន ១២៦ នាក់, និទ្ទេស B ៤៤៥ នាក់, និទ្ទេស C ១.៣២៥ នាក់, និទ្ទេស D ២.០៩០ នាក់, និទ្ទេស E ១.៥៣១ នាក់។
ដើម្បីលើកទឹកចិត្ត និងជំរុញការរៀនសូត្រ លោក ឌិត ទីណា បានប្រគល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំង ១២៦ នាក់ ដើម្បីគាំទ្រក្នុងការសិក្សានៅកម្រិតបន្ត និងការស្រាវជ្រាវបច្ចេកវិទ្យាទំនើប។ លោក ឌិត ទីណា បានណែនាំសិស្សឱ្យបន្តខិតខំព្យាយាមរៀនសូត្រ កសាងវិន័យ និងចំណេះដឹង ដើម្បីក្លាយជាកម្រិតកម្លាំងក៍ជាតិគាំទ្រការអភិវឌ្ឍន៍ប្រទេសជាតិ៕