681 ezgif.com resize
Swift cc time

វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥ បណ្តុះផ្នត់គំនិតស្នេហាជាតិប្រកបដោយទំនួលខុសត្រូវ ដល់យុវជនសរុបប្រមាណ៥០០នាក់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៣០ ខែតុលា ២០២៥ បណ្តុះផ្នត់គំនិតស្នេហាជាតិប្រកបដោយទំនួលខុសត្រូវ ការបញ្ចេញមតិយោបល់លើបណ្តាញសង្គម ប្រកបដោយវិជ្ជាជីវៈ ដល់យុវជនជាសិស្សនិស្សិតសរុបប្រមាណ៥០០នាក់។ កម្មវិធីនេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលម៉ានី។

វេទិកាយុវជនកម្ពុជាឆ្នាំ២០២៥ នាពេលនេះ ត្រូវបានរៀបចំឡើងឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ស្តារសេដ្ឋកិច្ច ក៏ដូចជាពង្រឹងខឿនការពារជាតិ បន្ទាប់ពីរងផលប៉ះពាល់ពីការអូសបន្លាយជម្លោះព្រំដែនជាមួយប្រទេសជិតខាងខណៈកិច្ចព្រមព្រៀងសន្តិភាពទើបតែត្រូវបានចុះហត្ថលេខាកាលពីថ្មីៗនេះ ដូច្នេះហើយក្រុមការងារសម្រេចរៀបចំជា បាឋកថាពិសេស និងវេទិកាពិភាក្សា ដែលផ្តោតលើការបណ្តុះផ្នត់គំនិតស្នេហាជាតិប្រកបដោយទំនួលខុសត្រូវ ការបញ្ចេញមតិយោបល់លើបណ្តាញសង្គម ប្រកបដោយវិជ្ជាជីវៈ ដូចជា៖ ១) Nation and People First ២) វេទិកាពិភាក្សាស្តីពី យុវជន និងការកសាងស្មារតីស្នេហាជាតិ ៣) បាឋកថាពិសេស ស្តីពី អ្វីជាខឿនការពារជាតិដ៏ពិតប្រាកដ? និង ៤) វេទិកាពិភាក្សាស្តីពី ការពារជាតិ៖ យុវជន ១រូប ទាហាន ១រូប។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានគូសបញ្ជាក់ពីសារៈសំខាន់នៃ វេទិកាយុវជនកម្ពុជា ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីកៀរគរយុវជនប្រកបដោយថាមពលក្លៀវក្លា គំនិតច្នៃប្រឌិត និងការតាំងចិត្តមុតមាំ មកជួបជុំគ្នាក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធ និងជំនឿជាក់លើភាពខ្លាំងរបស់កម្ពុជា “អនាគតជាតិ” ដែលស្ថិតនៅលើសមត្ថភាព បេះដូង និងកម្លាំងចិត្តរបស់យុវជនយើង ជាពិសេសបានគូសរំលេចពី (១) បម្រែបម្រួលសណ្ដាប់ធ្នាប់ពិភពលោក ដែលមានសមាសភាពសំខាន់៣ គឺ៖ នយោបាយ និងសន្តិសុខ, សេដ្ឋកិច្ច និង បច្ចេកវិទ្យា (២) និន្នាការសាកល ដូចជា ការកើនឡើងឥទ្ធិពលបណ្ដាញសង្គម មកលើនយោបាយ និងសាធារណមតិ, ការកើនឡើងកម្តៅពិភពលោក (Climate Change), ការកើនឡើងនៃជំនាញថ្មីៗជាដើម និង(៣) ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដែលបានបង្កើតផលជះទាំងវិជ្ជមាននិងអវិជ្ជមានដល់មនុស្សជាតិ ក្នុងនោះក៏បាននាំមកនូវឱកាសជាច្រើនក្នុងបញ្ហាប្រឈម បើកឱកាសដល់យុវជនកម្ពុជាសម្រាប់ការបន្តស្វែងយល់ អភិវឌ្ឍសមត្ថភាព ពង្រឹងចំណេះដឹង ជំនាញសតវត្សទី២១ និងភាពជាពលរដ្ឋសាកល។ ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន អធិបតេយ្យភាពជាតិ មិនមែនមានអត្ថន័យត្រឹមតែការការពារទឹកដីនិងព្រំដែននោះទេ គឺព្រមទាំងជាការការពារវប្បធម៌ គុណតម្លៃ លំហឌីជីថល បរិស្ថាន និងអត្តសញ្ញាណជាតិ។ ដើម្បីសម្រេចគោលដៅនេះ ចំណេះដឹងខ្ពង់ខ្ពស់ នវានុវត្តន៍មិនទាន់គ្រប់គ្រាន់នោះទេ យុវជនត្រូវមានទឹកចិត្តស្នេហាជាតិ ឥរិយាបថល្អ និងការតាំងចិត្តខ្ពស់ចំពោះបុព្វហេតុជាតិ។

លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើបាឋកថាពិសេសស្ដីពី "Nation and People First” ដោយបានគូសរំលេចនូវគោលគំនិត ការដាក់អត្ថប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនជាអាទិភាព ដើម្បីបណ្តុះឱ្យយុវជនកម្ពុជាមានមោទនភាពជាតិ មានទំនួលខុសត្រូវជាពលរដ្ឋល្អ និងមានការឯកភាពគ្នាក្រោមស្មារតីសន្តិភាព ស្នេហាជាតិ និងការអភិវឌ្ឍ។ គោលគំនិតនេះ ឆ្លុះបញ្ចាំងពីកាតព្វកិច្ច និងសីលធម៌ដ៏ប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូបក្នុងការបម្រើ និងការពារសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។ នេះជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំប្រកបដោយនិរន្តរភាព និងសមូហភាព ជាជាងភាពអាត្មានិយម។

បន្ថែមពីនេះ លោក ហ៊ុន ម៉ានីបានផ្តាំផ្ញើថា «យុវជនត្រូវឈានមុខក្នុងការចូលរួមចំណែកដោះស្រាយបញ្ហា តាមរយៈការងារស្ម័គ្រចិត្ត ការអនុវត្តគម្រោង ការចែករំលែកទស្សនៈ គំនិត និងភាពវិជ្ជមាន ហើយរាល់សកម្មភាពតូចៗរបស់ យុវជនគ្រប់រូប គឺជាផ្នែកមួយនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។»៕

Khcct banner

អត្ថបទទាក់ទង