ឧត្ដរមានជ័យ៖ នគរបាលខេត្ដឧត្ដរមានជ័យ បានចុះស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ក្នុងករណីឃាតកម្មប្តីប្រពន្ធឈ្លោះប្រកែកប្រើហិង្សា រហូតបានយកដំបងដែលមានជាប់ដែកគោលវៃចំពីលើក្បាលផ្នែកខាងឆ្វែងបណ្ដាលឲ្យស្លាប់ នៅស្រុកបន្ទាយអំពិល។
កាលព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៧ និង៣០នាទី មានករណីឃាតកម្ម មួយបានកើតឡើងនៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ សាញ់ ស៊ីម ភេទប្រុស អាយុ ៣៩ឆ្នាំ (ស្លាប់) មុខរបរយោធា ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចចម្រុះខេត្តឧត្ដរមានជ័យ បានចុះស៊ើបអង្កេតស្រាវជ្រាវកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ រិន សារ៉េត អាយុ ៤៨ឆ្មាំ (ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ) រស់នៅភូមិឃុំកើតហេតុខាងលើ។ ក្រោយការសាកសួរ បានឲ្យដឹងថា ឈ្មោះ សាញ់ ស៊ីម ភេទប្រុស អាយុ ៣៩ឆ្នាំ (សព) បានឈ្លោះប្រកែកជាមួយនឹងប្រពន្ធឈ្មោះ រិន សារេត ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រហូតដល់មានការវាយតប់គ្នា ហើយប្រពន្ធក៏បានយកដំបងដែលមានជាប់ដែកគោលវៃចំពីលើក្បាលផ្នែកខាងឆ្វែងបណ្ដាលឲ្យស្លាប់តែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ដឧត្ដរមានជ័យ៕