ភ្នំពេញ៖ អ.ម.ត ផ្តល់អាហារូបករណ៍ចំនួន ១៣៣០ កន្លែង សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាចំនួន១៤គ្រឹះស្ថាន សម្រាប់បេក្ខជនទូទាំងប្រទេសដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា ឬ សមមូល(សម្រាប់ថ្នាក់បរិញ្ញាបត្រ) ឬពុំបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា ឬសមមូល ។ អាហារូបករណ៍នឹងបើកទទួលពាក្យរហូតដល់ថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៥:០០ល្ងាច។
អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី (អ.ម.ត) នឹងផ្តល់ជូនសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ១៤ គ្រឹះស្ថាន ថ្នាក់សញ្ញាបត្របច្ចេកទេស បរិញ្ញាបត្ររង និង បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ចំនួន ១ ៣៣០ កន្លែង។ លក្ខខណ្ឌនៃការជ្រើសរើសសម្រាប់អាហារូបករណ៍នេះ គឺផ្តល់ជូនបេក្ខជនទូទាំងប្រទេសដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា ឬ សមមូល(សម្រាប់ថ្នាក់បរិញ្ញាបត្រ) ឬពុំបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សា ឬសមមូល(សម្រាប់ថ្នាក់បរិញ្ញាបត្ររង ឬថ្នាក់សញ្ញាបត្របច្ចេកទេស) ដែលជាសិស្សមានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សា ខិតខំរៀនសូត្រ និងគោរពតាមការណែនាំ និងព្រមទទួលយកលក្ខខណ្ឌដែលមានចែងរបស់គណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគ្រឹះស្ថានឧត្តមសិក្សានីមួយៗដែលបេក្ខជនបានដាក់ពាក្យ និងបានជាប់។
បើតាមសេចក្តីជូនដំណឹង ចំពោះការដាក់ពាក្យស្នើសុំ បេក្ខជនត្រូវដាក់ពាក្យស្នើសុំ ជាមួយគណៈកម្មាធិការអាហារូបករណ៍តាមរយៈប្រព័ន្ធ អនឡាញដោយចូលទៅកាន់គេហទំព័រ https://reg.amt.live/web/signup ដើម្បីបំពេញព័ត៌មានស្នើសុំ និងស្កេនបញ្ចូលឯកសារតម្រូវការដាក់ពាក្យ។ ការស្កេនបញ្ចូលពីឯកសារ ច្បាប់ដើម សេចក្តីចម្លង ឬពីឯកសារមានបញ្ជាក់ផ្លូវការមានដូចជា រូបថតទំហំ ៤ x ៦ ផ្ទៃខាងក្រោយពណ៌ស ឬផ្ទៃមេឃ, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ , វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ មានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ ឬ បញ្ជី រាយនាមបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានលំដាប់ពិន្ទុ។
រាល់នីតិវិធីនៃការដាក់ពាក្យស្នើសុំអាហារូបករណ៍ មិនតម្រូវឱ្យបង់ថវិកាទេ។ សម្រាប់បេក្ខជនដែលបានដាក់ពាក្យ សូមចូលទៅពិនិត្យមើលសារឆ្លើយតបតាមរយៈអ៊ីមែលសាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារ បានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន និងឯកសារតម្រូវតាម ដំណាក់កាលនីមួយៗ រហូតទទួលបានសារនៃការដាក់ពាក្យបានជោគជ័យ ទើបជាការស្រេច។
គួរបញ្ជាក់ថា បេក្ខជនម្នាក់ អាចដាក់ពាក្យស្នើសុំជាមួយគណៈកម្មាធិការអាហារូបករណ៍ចំពោះគ្រឹះស្ថានឧត្តមសិក្សា ចំនួន ១៤ ខាងលើ បានតែ ១ គ្រឹះស្ថានឧត្តមសិក្សា ប៉ុណ្ណោះ។ កាលបរិច្ឆេទដាក់ពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកំហិត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងការិយាល័យអាហារូបករណ៍ មានអាសយដ្ឋាន ផ្ទះលេខ៤ ផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៨ព្រឹក-៥ល្ងាច៕