ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី ២៦ តុលា ២០២៥ បានលើកឡើងថា «ពានរង្វាន់អាស៊ាន» ដែល ស.ស.យ.ក ទទួលបាន ពីគណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បង្ហាញពីសក្តានុពលយុវជនរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ដែលបង្ហាញពីសង្គមកម្ពុជាមួយដែលតែងតែរួបរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបន្តថា «ពានរង្វាន់ដែលយើងទទួលបាននៅក្នុងដៃនាពេលនេះ គឺសម្រាប់ក្រុមគ្រួសារ ស.ស.យ.ក ទាំងអស់នៅទូទាំងប្រទេស គ្រប់គ្នាគឺជាម្ចាស់នៃជ័យលាភីមួយនេះ។ នេះ គឺជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ដែលជាសក្ខីកម្មនៃការទទួលស្គាល់នូវសកម្មភាពដ៏ថ្លៃថ្លា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិក របស់ ស.ស.យ.ក គ្រប់រូបៗ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានា ក្រោម ទិសស្លោក យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ។»
គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបាន«ជ័យលាភីពានរង្វាន់អាស៊ាន (ASEAN Prize)» សម្រាប់ឆ្នាំ២០២៥ ពីគណៈកម្មការវាយតម្លៃ នៃលេខាធិការដ្ឋាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំពោះការចូលរួមកសាងសន្តិភាព និងការអភិវឌ្ឍសហគមន៍អាស៊ាន ដោយបានទទួលនៅថ្ងៃទី ២៦ តុលា ២០២៥ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តទៅនៅម៉ាឡេស៊ី៕