ភ្នំពេញ៖ លោក SUZUKI Hideo ឯកអគ្គរាជទូតជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គជប៉ុន នាថ្ងៃទី២៣ តុលាម្សិលមិញ បានបញ្ជាក់ពីគោលជំហររបស់ជប៉ុនថា ជប៉ុនត្រៀមខ្លួនរួចស្រេចដើម្បីជួយឱ្យកម្ពុជានិងថៃ សម្រេចបានសន្តិភាពមួយដែលមានភាពយូរអង្វែង។ នេះបើតាម ការលើកឡើងក្នុងជំនួបរវាងលោក SUZUKI Hideo និងលោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន។
ក្នុងជំនួបនេះ លោក លី ធុជ បានលើកឡើងអំពីសមិទ្ធផលសកម្មភាពមីននៅកម្ពុជារយៈពេលប្រមាណ៣០ឆ្នាំមកនេះ និងបញ្ហាដែលនៅសេសសល់ ជាពិសេសចម្កាមីននៅតាមបណ្តោយព្រំដែន ដែលមានគ្រាប់មីនច្រើន ពិបាកចូលទៅដល់ និងពិបាកក្នុងការបោសសម្អាត ដែលទាមទារឱ្យមានបច្ចេកទេសខ្ពស់ និងឧបករណ៍ទំនើប។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានលើកអំពីការប៉ះទង្គិចប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ព្រំដែន និងរាំងស្ទះដល់ខ្សែច្រវាក់ផលិតកម្ម និងប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្មកម្ពុជា-ថៃ និងក្នុងតំបន់ទាំងមូល។ លោកបានស្នើដល់ជប៉ុន បន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅកម្ពុជាដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងស្នើដល់រដ្ឋាភិបាលជប៉ុន ដើរតួសំខាន់ជំរុញឱ្យអនុវត្តបទឈប់បាញ់ និងរក្សាឱ្យបានសន្តិភាពតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលជាប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ រួមទាំងក្រុមហ៊ុនវិនិយោគរបស់ជប៉ុន។
ជាការឆ្លើយតប លោកឯកអគ្គរាជទូតជប៉ុន គូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន និងប្តេជ្ញាបន្តគាំទ្រកម្ពុជាសម្រេចបានគោលដៅប្រទេសដែលគ្មានមីន។ លោកលើកឡើងថា ជប៉ុនចង់បាននូវប្រសិទ្ធភាព និងតម្លាភាពក្នុងសកម្មភាពមីន។ ពាក់ពន្ធនឹងបញ្ហាព្រំដែន លោក SUZUKI Hideo សង្ឃឹមថាកម្ពុជាអាចស្រេចបានសន្តិភាពឆាប់ៗ ហើយជប៉ុនត្រៀមខ្លួនរួចសម្រេចដើម្បីជួយឱ្យកម្ពុជានិងថៃ សម្រេចបានសន្តិភាពមួយដែលមានភាពយូរអង្វែង៕